មនុស្ស៤នាក់ ជាអ្នកចាត់ការទូទៅ ករណីជួលស្ត្រីខ្មែរពពោះជំនួស ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ ជាអ្នកចាត់ការទូទៅករណីស្ត្រីពពោះជំនួស កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។ ចំណែកស្ត្រីពពោះជំនួសចំនួន១១ នាក់ ក៏នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដែរ ក្រោយពេលសាកសួរ មេការ និងអ្នកចាត់ការ៤នាក់រួចរាល់ ។
នគរមូលដ្ឋានខណ្ឌសែនសុខ បានឲ្យដឹងថា ស្ត្រីជាមេការម្នាក់ឈ្មោះ ខៀវ ផល្លា អាយុ៣២ឆ្នាំ និងម្នាក់ឈ្មោះ សុខ អឿន អាយុ៤ ឆ្នាំ ចំណែកអ្នកចាត់ការទូទៅម្នាក់ឈ្មោះ ចេង សំអុល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ឡាំប្រឺតាកង់បីឥណ្ឌា និងម្នាក់ឈ្មោះ អ៊ា ម៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ឡាំប្រឺតាកង់បីឥណ្ឌា ។
ករណីស្រ្តីរកស៊ីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។ ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។ ប្រតិបត្តិការនេះដឹកនាំដោយមានការសម្របសម្រួលពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្តែងពាក់ពន្ធករណីអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែននិងអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ ។ កិច្ចសហការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើឡើងនៅចំណុចចំនួន៣កន្លែង ក្នុងទឹកដីខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវ(មេការស្ត្រី)២នាក់ អ្នករត់ម៉ូតូកង់បី ២នាក់ និងស្ត្រីមានផ្ទៃពោះ(ស្ត្រីពពោះជំនួស)ចំនួន១១ នាក់ ។ វត្ថុតាងដកហូតមាន លិខិតឆ្លងដែន ១ក្បាល ឯកសារពេទ្យមួយចំនួន(ស៊ីរាំង និងថ្នាំពេទ្យ ប្រើរួច និងមិនទាន់ប្រើ) និងម៉ូតូកង់បី ចំនួន២គ្រឿង៕