ក្រុមហ៊ុនសន្ដិសុខឯកជន ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម
ព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានស្នើដល់ ភ្នាក់ងារសន្ដិសុខឯកជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រៅអំពីភារកិច្ចរបស់ខ្លួនដែលឈរជើងនៅតាមគោលដៅគ្រឹះស្ថានឯកជន ដែលការចូលរួមចំណែកនេះ គឺពិតជាមានសារសំខាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លូន ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បាន
អំពាវនាវឲ្យក្រុមហ៊ុនសន្តិសុខឯក និងសហគ្រាសទាំងអស់ត្រូវមានច្បាប់ទំលាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនណាដែលមិនទាន់មានច្បាប់ត្រូវរួសរាន់ទៅសុំច្បាប់ពីអាជ្ញាធរ និងសមត្ថកិច្ចដែលក្រុមហ៊ុនរបស់ខ្លួនកំពុងបោះទីតាំង ។ ទន្ទឹមនឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយនោះ ក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសទាំងអស់ត្រូវរៀបចំឯកសណ្ឋានបុគ្គលិកឲ្យបានស្អាតបាតសមរម្យសក្តិសមជាបុគ្គលិកសន្តិសុខឯកជន ។
ក្នុងពិធីបិទវគ្គបំប៉នជំនាញច្បាប់ភ្នាក់ងារសន្តិសុខឯកជន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ទៅលើសាវតា ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗ មុននឹងសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការងារ ព្រោះខ្លាចក្រែងប៉ះចំបុគ្គលិកដែលមានប្រវត្តិមិនល្អ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុន ។
លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថាន ត្រូវចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែទទួលបានការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ៕