អ្នកខេត្តព្រះវិហារបង្ហាញពីប្រវត្តិសង្ខេប អ្នកសច្ចំភ្នំត្បែង(លោកតា សួង) និងការសាងសង់បុស្បុកសំរាប់តំកល់រូបសំណាក
ព្រះវិហារ៖ ការតម្កល់រូបសំណាក់និងបុស្សបុក លោក ឪសួង (អ្នកសច្ចំភ្នំត្បែង) នៅរង្វង់មូលស្រុកគូលែន អាជ្ញាធរខេត្តព្រះវិហារធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងម្យ៉ាងទៀតគឺដើម្បីអោយវិញ្ញាណក្ខ័ន្ធលោកតាមកសន្ធិនៅ ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីរស់នៅជាខែ្មរតែមួយ ក្រោមម្លប់សន្តិភាព វឌ្ឍនភាព ដូចសម័យមហានគរ ។
កន្លងមកនេះ មានការបង្ហោះតាមហ្វេសបុកនិងយូថូបមួយចំនួនដោយបានលើកពីប្រវត្តិរបស់លោក ឪសួង តែហាក់ដូចជាមិនត្រឹមត្រូវនោះទេ ។ប៉ុន្តែក្រោយពីអ្នកខេត្តព្រះវិហារផ្ទាល់ចងក្រងនិងស្រាវជ្រាវយ៉ាងម៉ត់ចត់ ទើបប្រវត្តិរបស់លោក ឪសួង ត្រូវបានលាតត្រដាងយ៉ាងច្បាស់និងត្រឹមត្រូវ។
ថាតើ លោក ឪសួង ឬ អ្នកសច្ចំភ្នំត្បែង មានប្រវត្តិនិងភាពល្បីល្បាយបែបណានោះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងនៅថ្ងៃទី១៣/១១/២០១៨នេះ ថា លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.១៩២៤ ក្នុងត្រកូលកសិករ នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ឳពុកឈ្មោះ ពួត ជុក ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន៨នាក់ ។
-គ.ស.១៩៤០ ឳពុកម្ដាយបានបញ្ជូនលោកឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្តគូលែនជើង។ អាយុ១៨ឆ្នាំ បានបួលជាសាមណេរ និងបានបំពេញជាព្រះភិក្ខុក្នុងព្រះជន្ម ២០ព្រះវស្សា។ គ.ស.១៩៤៥ លោកបាន លាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារមួយរយៈ ក៏ថ្វាយបង្គំលាឳពុកម្ដាយទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និងមន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ។
-គ.ស.១៩៧០ លោកតា សួង បាននិមន្តចុះពីភ្នំត្បែង មកផ្សព្វផ្សាយព្រះធម៌ អប់រំអ្នកស្រុកឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ និងជួយព្យាបាលអ្នកមានជំងឺ។ តាំងពី ពេលនោះ គុណធម៌អ្នកសច្ចំភ្នំត្បែង បានល្បីសុះសាយគ្រប់ទិសទី រហូតដល់ព្រះរាជាណាចក្រថៃ។
-លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា គ.ស.២០០០ នៅវត្តព្រៃផាថាណា ស្រុកភូសិញ ខេត្តស៊ីសាកេត (ព្រះរាជាណាចក្រ ថៃ) ក្នុងព្រះជន្ម ៧៦ព្រះវស្សា។
ការបាត់បង់អ្នកសច្ចំភ្នំត្បែង មហាជនប្រុសស្រីមានការសោកស្ដាយជាទីបំផុត។ ឯការកសាងបដិមា លោកតា សួង នៅទីនេះ គឺដើម្បីឧទ្ទិសដល់បុណ្យបារមីរបស់អ្នកសច្ចំដទៃទៀត ដែលលោកតែងតែជួយ អប់រំ និងជួយសង្គ្រោះមនុស្សទូទៅ ជាបុព្វហេតុនាំមកនូវសុខសន្តិភាពយូរអង្វែងដល់សង្គមជាតិកម្ពុជា។
-ការសាងសង់បុស្បុក និងរូបសំណាក លោកតា សួង នេះឡើងជាគំនិតផ្ដួចផ្ដើមរបស់លក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។ រីឯការសាងសង់លោក បានប្រគល់ជូន លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំការសាងសង់ដោយផ្ទាល់។ ចំពោះថវិកានៃការសាងសង់គឺ បានមកពីជំនួយរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត សប្បុរសជននានានៅក្នុងខេត្ត និងនៅជិតឆ្ងាយផងដែរ៕