អាជីវករនៅផ្សារក្តាមខេត្តកែបបន្លំភ្នែកជញ្ជីង, លោកស្នងការ៖ បើនៅតែប្រព្រឹត្តិមិនគោរពតាម និងសម្រេចសុំគោលការណ៍ ពីថ្នាក់លើ ដើម្បីបិទរបរអាជីវកម្ម
ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី១៣ខែវិច្ឆិកានេះ បានផ្សាយថា ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អំពីបញ្ហាការប្រកបអាជីកម្ម លក់ដូរ របស់អាជីវករនៅផ្សារក្តាម ដោយថ្លឹងរបស់លក់មិនប្រក្រតី(បន្លំភ្នែកជញ្ជីង)
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកស្នងការរង និងមន្ត្រីនគរបាលពាក់ព័ន្ធ បានចុះជួបដើម្បីត្រួតពិនិត្យ និងណែនាំដល់អាជីវករតំបន់ទេសចរណ៍ខាងលើ។
លោកឧត្តមសេនីយ៍ត្រី បែន តារា បានផ្សព្វផ្សាយណែនាំ រាល់ការលក់ដូរនិងផលិតផល មិនត្រូវឱ្យមានការបន្លំទៅលើអ្នកទិញ ក៏ដូចជាភ្ញៀវទេសចរនោះទេ ជាពិសេសបន្លំភ្នែកជញ្ជីង និងត្រូវដាក់បង្ហាញតម្លៃ នៃផលិតផល និងសេវាកម្មរបស់ខ្លួន បន្ថែមពីនេះលោកស្នងការ ក៏មានវិធានការអប់រំលើកទី១-២ បើនៅតែប្រព្រឹត្តិមិនគោរពតាម និងសម្រេចសុំគោលការណ៍ ពីថ្នាក់លើ ដើម្បីបិទរបរអាជីវកម្មនេះ ទាំងស្រុងតែម្តង។
ដោយឡែកលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ប្រចាំការ នៅតំបន់ឆ្នេរ និងផ្សារក្តាម ឲ្យបន្តពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅគ្រប់គោលដៅ និងជម្រុញឲ្យមានការបង្កើតបណ្តាញសន្តិសុខស្ម័គ្រចិត្ត នៅតាមមូលដ្ឋានតាមរយៈ ការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ និងអាជីវករផងដែរ ដើម្បីឱ្យមានសន្តិសុខ សុវត្ថិភាពល្អ ជាការទាក់ទាញភ្ញៀវទេសចរឲ្យមកសម្រាកកម្សាន្តកាន់ច្រើនឡើងបន្តទៀត៕