ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី

129

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលបានប្រារព្ឋធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។

ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាស៊ានដែលមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា រួមទាំងការរៀបចំកិច្ចប្រជុំអាស៊ាននានា ដូចជាអាស៊ានបូកបី និង EAS ជាដើម។ នៅថ្ងៃនេះអាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ានកំពុងមានភាពភ្លឺស្វាង។ នៅពេលនេះគឺយើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗដោយផ្អែកលើយុទ្ធសាស្រ្តថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងបានផ្លាស់ប្ដូរទម្លាប់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងរបស់យើង រួមមានទាំងការវាយប្រហារតាមព័ត៌មានវិទ្យាទៀតផង។ ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់របស់យើងផងដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់ជាតិសាសន៍នានា និង សាសនាជាច្រើននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យបណ្ដាប្រទេសអាស៊ានមួយ ចំនួនងាយរងគ្រោះនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការកើនឡើងសីតុណ្ហភាព និងកំដៅផែនដីកំពុងបង្កផលប៉ះពាល់ជាមួយ នឹងការបង្កជាជំងឺតំបន់ត្រូពិចដែលគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជន។ ទាំងអស់នេះមានន័យថា កិច្ចសហប្រតិបត្តិការពហុភាគីគឺមានសារៈសំខាន់ និងជាបន្ទាន់បំផុតជាងពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះគឺមានភាពស្មុគស្មាញនឹងមិនធ្លាប់មាន ហើយដំណោះស្រាយ ក៏មិនមានប្រទេសណាដោះស្រាយបញ្ហាទាំងនេះ តែម្នាក់ឯងបាននៅឡើយដែរ។ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។ នេះហើយគឺមូលហេតុរុញឱ្យប្រទេសសិង្ហបុរីជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់អាស៊ានរបស់យើង។

ឯឧ​ នាយករដ្ឋមន្រ្តីសិង្ហបូរីមានក្តីរំភើបយ៉ាងខ្លាំងដែលក្នុងអាណត្តិជាប្រធាន គឺប្រទេសសមាជិកទាំងអស់បានអនុវត្តន៍ទ្វេឡើងនូវកិច្ចខិតខំប្រឹងប្រែងដែលបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផលនៃការរួបរួម ប្រសិទ្ធភាព និងសម្ព័ន្ធភាពក្នុងនាមជាអាស៊ាន។ ទន្ទឹមនឹងនោះដែរ អាស៊ានបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់កិច្ចចរចានានាទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុងនៃបណ្តាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សាយភ្ជាប់គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នាដើម្បីលើកស្ទួយគុណភាពរស់នៅដែលជាប្រយោជន៍របស់ប្រជាជន។

យើងបានពង្រឹងមូលដ្ឋានសម្រាប់បរិស្ថានតំបន់ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាននៃសន្ធិសញ្ញាបណ្តោះអាសន្នជាគំរូរបស់អាស៊ាន។ យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធើណេត និងការប្រែប្រួលអាកាសធាតុ។ លទ្ធផលទាំងនេះបង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ាន ចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចំរើន និងស្ថេរភាពនៃតំបន់។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នោះដែរ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បាន អញ្ជើញជូនរង្វាន់ដល់ជ័យលាភី តម្លៃប្រមាណ ២ម៉ឺន៥ពាន់ដុល្លា ដល់តំណាងអង្គការថែរក្សាកុមារអន់សតិក្នុងប្រទេសហ្វីលីពីន។ បន្ទាប់មក មេដឹកនាំអាស៊ានទាំងអស់ក៏បានថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ។ សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានអញ្ជើញតាមដានស្តាប់នូវបទបង្ហាញដោយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង បានអញ្ជើញបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៣ និងពិធីពិសាយភោជនាហារការងារ ពេលល្ងាចដែលបានរៀបចំដោយ ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង