មេ ចោរប្លន់ ម្នាក់ ជាអតីតមន្រ្តីយោធា ត្រូវចាប់ខ្លួន ដកហូតអាវុធខ្លី២ដើម
ភ្នំពេញ៖ មេ ចោរប្លន់ប្រដាប់អាវុធម្នាក់ ជាអតីតមន្រ្តីយោធា និងប្រពន្ធ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនករណី ត្រូវនគរបាលការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។
ប្រតិបត្តិចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហាត់ ឆាយ ហៅហាក់ ឆាយ ជាអតីតមន្រ្តីយោធា អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦៩ ផ្លូវ៩៣z ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ការឃាត់ខ្លួនជនសង្ស័យពីរប្តីប្រពន្ធខាលើ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ៤២២១ ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោក អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីលួចមានស្ថានទំងន់ទោស នៅខេត្តកំពង់ស្ពឺ។ ជនសង្ស័យកំពុងជិះរថយន្ត CRV ២នាក់ប្តីប្រពន្ធ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លី មួយដើម ម៉ាកឡុក ពណ៌ខ្មៅ គ្រាប់មួយចំនួន ទូរស័ព្ទ២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន ហើយនាំខ្លួនទៅឆែកឆេផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញម៉ូតូ PCX មួយគ្រឿង អាវុធខ្លីម៉ាកK54 មួយដើម គ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្ត និងម៉ូតូ១៤ ស្លាកលេខរថយន្ត មួយគ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួន។
សមត្ថកិច្ចបានឲ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការពាក់ព័ន្ធ នៅក្នុងដីកាបង្គាប់ឲ្យចាប់នោះទេ ហើយចំណែកជនសង្ស័យ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺវិញ ដែលជាម្ចាស់ករណី៕