បំផ្ទុះគ្រាប់បែកអត្តឃាតប្រទេសម៉ាលី បណ្តាលពលរដ្ឋខ្មែរ ដែលបម្រើការឱ្យអង្គការសហប្រជាជាតិ ចំនួន៤នាក់ រងរបួស ឯជនអត្តឃាតស្លាប់
ភ្នំពេញ៖ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលមូលដ្ឋានមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី បណ្តាលឱ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់ និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះ ក៏មានពលរដ្ឋខ្មែរ ដែលបម្រើការឱ្យអង្គការសហប្រជាជាតិ ចំនួន៤នាក់ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយ របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។
ហេតុការណ៍នេះ បានបណ្តាលឱ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះ ក៏មានពលរដ្ឋខ្មែរ ដែលបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។
សូមបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ។ រហូតមកដល់ពេលនេះ ជនរងគ្រោះជនជាតិខ្មែរ ដែលរបួសធ្ងន់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកឯអ្នករបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យក្បែរនោះ។
ពលរដ្ឋខ្មែរដែលរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ រួមមាន៖
១. លោក ភិន សារ៉ាន់ ជាអតីតបុគ្គលិកបម្រើការ CMAC ដែលចាប់ផ្តើមចូលបម្រើការជាអ្នកបកប្រែភាសាជាមួយ UNMAS ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ រងរបួសធ្ងន់ បាក់ឆ្អឹងជំនី និងរបួសក្បាល។
២. លោក ហ៊ុល សុខហេង ជាអតីតបុគ្គលិកបម្រើការ CMAC រងរួបស្រាល។
៣. លោក រៀម ឌី ជាអតីតនាយកប្រតិបត្តិការកម្ទេចគ្រាប់មិនទាន់ផ្ទុះក្នុងអង្គការ CMAC រងរបួសស្រាល។
៤. លោក សំ រដ្ឋា ជាអតីតបុគ្គលិកអង្គការ Hello TRUST រងរបួសស្រាល៕