ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) មួយម៉ឺនដុល្លារ

66

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ចំនួន មួយម៉ឺនដុល្លារ  កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  នៅស្នាក់ការ អាជ្ញាធរមីនកម្ពុជា ។

     លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជេីង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពលរដ្ឋខ្មែរ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ​ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។

      ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះដែរ ឯកឧត្តម បានបង្ហាញទឹកចិត្តកត្តញ្ញូតាធម៌​ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយជាកេរដំណែលដ៏ធំធេងរបស់សម្តេច បន្សល់ទុលដល់ព្រជាពលខ្មែរគ្រប់ជំនាន់។

      ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំដឹកនាំកម្ពុជាឆ្ពោះទៅរកប្រទេសមួយដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន។

     ឯកឧត្តមបណ្ឌិត បានលើកឡើងផងដែរថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣០២៤ គីឡូម៉ែតក្រឡា ដោយរកឃេីញ​ និងកម្ទេចចោលគ្រាប់មីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម​រាប់លានគ្រាប់ ប៉ុន្តែទោះយ៉ាងនេះក្តី កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៦៨ គីឡូម៉ែតក្រឡា ដែលត្រូវបន្តបោសសម្អាត ដេីម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ៕ ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង