ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការក្តៅ យ៉ាងម៉ឺងម៉ាត់បំផុត ទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញនិងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ មិនលើកលែងចំពោះមេខ្លោងឡើយ

60

ស្ទឹងត្រែង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ដោយមិនមានការលើកលែង ចំពោះមេខ្លោងណាមួយនោះឡើយ។

ក្នុងការអនុវត្តបទបញ្ជានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចាត់តាំងបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយឯកឧត្ដមស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង គណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។

ពិតប្រាកដណាស់ដូចពាក្យចាស់ពោលថា «អ្នកហ៊ានស្បែកដាច»ជាក់ស្តែងនៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤នេះ ឆ្លើយតបនឹងការយកចិត្តទុកដាក់ខ្ពស់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដី ក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី។

ឯកឧត្ដបន្តថា ដោយឡែកក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះរួមមាន យាយម៉ា ឈ្មោះពិត សៅ សាលម៉ា, តាជ័យ សែន ឈ្មោះពិត សុខ យឿន, ឈ្មោះ អ៊ិន ភុំ, ឈ្មោះ សាន តឿង, ឈ្មោះ សន សឿង, ឈ្មោះ សន គាវលី, ឈ្មោះ ទ្រី ស៊ីនាង, ឈ្មោះ ហ៊ុន វិបុល ហៅវណ្ណា, ឈ្មោះ ចាន់ រី ហៅជាតិ និងឈ្មោះ ពៀច ចាន់ (ដែលគេស្គាល់ថា ជាប្រធានអង្គការថែរក្សាការពារធម្មជាតិ ប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគរី ខេត្តក្រចេះ និងខេត្តព្រះវិហារ) ដែលគេល្បីថាជាមេឈ្មួញ និងបក្សពួកមេខ្លោងដុសស្លែរឿងជួញដូរដី និងកៀរគរមនុស្សឱ្យមកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង ១ម៉ឺនហិកតា នៅក្នុងខេត្តស្ទឹងត្រែង ហើយថែមទាំងល្បីថា គ្មាននរណាហ៊ានប៉ះសូម្បីតែមួយសរសៃសក់ និងធ្លាប់តែបានចិត្តធ្វើសកម្មភាព ផ្តេសផ្តាសយ៉ាងគឃ្លើន ចេះតែបន្តចលនាកៀរគរប្រជាពលរដ្ឋ ទាំងបងប្អូនខ្មែរ និងបងប្អូនខ្មែ-ឥស្លាម ឱ្យមករំលោភបំពានកាប់ទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីលក់ដូរខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចភ្នំក្រឡាពស់ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន និងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបន្តទៀត។

ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតទាំងស្រុងប្រមាណ ៧ពាន់ហិកតា និងគ្រោងរងការខូចខាតប្រមាណ ៦-៧ពាន់ហិកតាបន្ថែមទៀត រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦រយហិកតា និងគ្រោងរងការខូចខាតប្រមាណ ៥-៦រយហិកតាបន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានយកមកប្រគល់ជូនមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងមើលថែរក្សាការពារ ជាសម្បត្តិធនធានធម្មជាតិឡើងវិញ។

បណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងារប្រតិបត្តិការពិសេស បានរំលឹកផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមឈប់ចាញ់បោកមេខ្យល់ អូសទាញឱ្យទៅដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់តទៅទៀត ហើយសូមបងប្អូនទាំងអស់គ្នាស្វែងយល់អំពីតម្លៃ និងសារៈសំខាន់របស់ព្រៃឈើសម្រាប់ជីវិតមនុស្ស សត្វ និងជីវចម្រុះ ព្រោះព្រៃឈើ គឺជាជម្រកសត្វព្រៃនានា ព្រៃឈើ គឺជាគម្របទប់ស្កាប់ការឡើងកម្តៅផែនដី ព្រៃឈើជាអ្នកទាក់ទាញទឹកភ្លៀងយ៉ាងចាំបាច់ ហើយព្រៃឈើក៏ជាអ្នកបង្កីតខ្យល់អុកស៊ីសែន សម្រាប់មនុស្ស សត្វ និងជីវចម្រុះ ដកដង្ហើមរស់ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាការពារព្រៃឈើ និងត្រូវចេះស្រលាញ់ព្រៃឈើទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង