សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាកងកម្លាំងប្រដាប់អាវុធត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត ក្នុងពេលអាកាសធាតុក្តៅខ្លាំង
ព្រះសីហនុ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។
ការបញ្ជាបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិ បតីភាពអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះសីណ្ហភាពបានឡើងកម្តៅជាខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបប្រទះនឹងបញ្ហារលកកម្តៅនេះផងដែរ។ សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួង ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន ប្រុងប្រយ័ត្នលើករណីភ្លើងឆេះ បញ្ហាកង្វះទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជាបន្ទាន់ចំពោះករណីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ អគ្គស្នងការ គឺត្រៀមកម្លាំងនៅតាមទីកន្លែងដែលអាចត្រៀមអន្តរាគមន៍ក្នុងករណីដែលរដូវប្រាំងមិនមានភ្លៀងយូរជាងនេះ ហើយបើតាមឧត្តុនិយម គឺគាត់ធានាថានៅដើមខែប្រាំងនេះនឹងមានភ្លៀង អីឡូវយើងមានធ្លាក់ប្រមាណ១០ខេត្តហើយ អ៊ឹចឹងគឺសុំយកចិត្តទុកដាក់លើកិច្ចការងារនេះ»។
ចំពោះករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី ៤០អង្សារសេនេះដែរ, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានចេញគោលការណ៍ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។
«ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ (អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូលគិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស) អង្គុយយូរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយនឹងការឡើងកម្តៅនេះ ក្រសួងធនធានទឹក និងឧតុនិយម គ៏អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក ខណៈរដូវប្រាំងនាឆ្នាំ២០២៤ ដោយគិតពីខែមីនាដល់ខែមេសា សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។
ដោយឡែកចំពោះការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា នៅរដូវប្រាំង២០២៤ ក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
យោងលើការព្យាករអាកាសធាតុដែលបានជូនដំណឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទដែលនៅឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាក៏ធ្លាប់ជួបប្រទះនឹងការកើនឡើងកម្តៅផែនដីចន្លោះពី៤០-៤១អង្សាសេ នៅក្នុងខែមេសា រួមទាំងមានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតមានឡើងជាញឹកញាប់។ កាលណោះ ដោយសារតែកម្ពុជា ទទួលរងបាតុភូតអ៊ែលនីណូ (El Nino) ដែលមានឥទ្ធិពលដណ្ដប់លើប្រមាណពាក់កណ្ដាលនៃភពផែនដីទាំងមូល៕