ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ បានចេញសេចក្ដីណែនាំស្ដីពីវិធានការ ក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញការណែនាំចំនួន៤ចំណុច ក្នុងនោះរួមាន៖
ទី១៖ ការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ
ទី២៖ អំពីរបៀបក្នុងការធ្វើតេស្ដ
ទី៣៖ អំពីការបញ្ជាក់លទ្ធផលតេស្ដ
ទី៤៖ ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេលមួយឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ការដាក់ចេញយុទ្ធនាការលើកទី៩នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានមើលខើញថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្ដៅគគុក ដូចភ្លៀងរលឹម ដោយទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់។
ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ៥២០,០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។
ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាប
និងកាត់បន្ថយស្ទើរតែគ្មានសកម្មភាពក្នុងឆ្នាំ២០២៣។ លើសពីនេះ ការបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយ បានបង្កក រឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ បានរួមចំណែកធ្វើឲ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATFផងដែរ៕