សម្តេចធិបតីថា ៖ជំនួបជាមួយអ្នកសារព័ត៌មាន នាឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការស្វែង យល់ បន្ថែមពីបញ្ហា និងកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាននិងកំពុងជួបបញ្ហា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាថ្លែងបែបនេះពេលអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នារសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។
ជំនួបសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង រាល់ ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន ៥លើក មកហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ជំនួបជាមួយអ្នកសារព័ត៌មាននាឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការស្វែង យល់ បន្ថែមពីបញ្ហា និងកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាននិងកំពុងជួបបញ្ហាប្រឈមក្នុងប្រតិបត្តិការការងាររបស់ខ្លួន ក៏ដូចជាស្ថានភាពរួម នៃ ប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕