ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំរបស់លោកជំទាវ ដែលរងគ្រោះដោយអយុត្តិធម៌ ពីការបំភ្លៃការពិតរបស់សារព័ត៌មាន

56

ភ្នំពេញ៉លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហោះសារតាមរយៈ Facebook ផ្លូវការរបស់លោកជំទាវ ដោយបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំរបស់លោកជំទាវ ដែលរងគ្រោះដោយអយុត្តិធម៌ ពីការបំភ្លៃការពិតរបស់សារព័ត៌មាន The Cambodia Daily។

លោកជំទាវបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «សូមជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា! ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំ ដែលរងគ្រោះដោយអយុត្តិធម៌ ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ឧសភាកន្លងមកនេះ។

នាងខ្ញុំពិតជាមានការរំភើបណាស់ ដែលបងប្អូនរួមទាំងអ្នកដែលបានធ្វើការងារជាមួយនាងខ្ញុំកន្លងមក ព្រមទាំងបងប្អូនភាគច្រើន បានតាមដានសកម្មភាព និងការងារសង្គមរបស់នាងខ្ញុំ មានការស្រលាញ់រាប់អាន និងជឿជាក់លើនាងខ្ញុំ។

ការគាំទ្រ ស្រលាញ់និងការពារនាងខ្ញុំនេះ គឺជាកំលាំងចិត្តមួយដ៏សំខាន់ ដើម្បីជួយដល់នាងខ្ញុំក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះ បន្តទៅមុខទៀត»។

សូមជម្រាបថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សារព័ត៌មាន ឌី ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) បានផ្សព្វផ្សាយនូវព័ត៌មាន ប្រឌិតខុសពីការពិតទាំងស្រុង ដោយបានចោទប្រកាន់ថា «ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសូកប៉ាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្យារពេលចូលនិវត្តន៍រហូតដល់ទៅឆ្នាំ២០២៨»

បន្ទាប់ពីមានការចុះផ្សាយបែបនេះទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា, អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ បានចេញមកច្រានចោល និងបដិសេដាច់អហង្ការ ចំពោះព័ត៌មានប្រឌិតដែលបានរបស់ ឌី ខេមបូឌា ដេលី ខ្មែរ។

ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន បានផ្តល់គោលការណ៍ឯកភាពឱ្យ លោក គុណ ញឹម អាចពន្យារការចូល និវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ មកម៉្លេះ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតីមានសិទ្ធិគ្រប់គ្រាន់ក្នុងការ តែងតាំងផ្លាស់ប្តូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់ លោក គុណ ញឹម ដែលជាមន្ត្រីមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចធិបតី នឹងបន្តគោលការណ៍អនុញ្ញាតជូន លោក គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល៕

អត្ថបទដែលជាប់ទាក់ទង