ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនធ្វើឱ្យបាត់បង់ទឹកដី ដូចក្រុមប្រឆាំងលើកឡើងនោះទេ
ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនធ្វើឱ្យបាត់បង់ទឹកដី ដូចក្រុមប្រឆាំងលើកឡើងនោះទេ ហើយក្នុងនោះកម្ពុជាដាច់ខាតមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នាដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏ដូចជាសម្តេចមហាបវរធិបតី និងប្រជាពលរដ្ឋខ្មែរទាំងមូល កម្ពុជាមិនយកដីអ្នកណាមួយចង្អាមហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នា»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាការការពារបូរណៈភាពទឹកដីកម្ពុជា យើងជាកូនខ្មែរគឺមានភារកិច្ចការពារបូរណៈភាពទឹកដីរបស់កម្ពុជាយើង ហើយលោកជឿជាក់ថា គ្មានបានបាត់ដីមួយចង្អាមណានោះទេ ហើយក៏គ្មានការ តមកដូរដាក់ផែនទី មកដាក់នៅព្រែកជីកហ្វូណនតេជោ ជាព្រំប្រទល់ជាមួយនឹងវៀតណាមនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា «យើងខ្ញុំក៏ចេះស្នេហាជាតិ ស្រលាញ់ជាតិដូចអស់លោកដែរ កុំថាយើងល្ងង់មិនការពារប្រយោជន៍ជាតិនោះ ចឹងសូមកុំបារម្ភអត់បាត់មួយចង្អាមនោះទេ»។
គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។
គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។
គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕