ប្រសិទ្ធភាព នៃការធ្វើវេទិកាសាធារណៈ បានឆ្លើយតបទៅនឹងបញ្ហា បានទាន់ពេលវេលា
ភ្នំពេញ៖ ប្រសិទ្ធភាពនៃការធ្វើវេទិកាសាធារណៈ នៅតាមបណ្តាខណ្ឌនានាក្នុងមូលដ្ឋាន បានឆ្លើយតបទៅនឹងបញ្ហា បានទាន់ពេលវេលា ដែលបង្ហាញពីបរិយាប័ន្ន ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន និងថ្នាក់ក្រោមជាតិ បាននិងកំពុងដំណើរការល្អ ប៉ុន្តែ បើបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងហើយ មិនមានការដោះស្រាយ ថ្ងៃក្រោយ អញ្ជើញប្រជាពលរដ្ឋ អញ្ជើញតំណាងភូមិ អាជ្ញាធរមូលដ្ឋានមកធ្វើវេទិកាសាធារណៈ គេមិនមកទេ ព្រោះយើងអត់មានការឆ្លើយតប។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ។ ក្នុងវេទិកាសាធារណៈនៅក្នុងខណ្ឌពោធិ៍សែនជ័យ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមមតិ យោបល់ របស់បងប្អូនប្រជាពលរដ្ឋ គឺជាធាតុចូលយ៉ាងសំខាន់ នៃប្រទេសប្រជាធិបតេយ្យ ដើម្បីឈានដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងប្រកបដោយអភិបាលល្អ។
លោកអភិបាលរង បានលើកឡើងថា ពាក់ព័ន្ធបញ្ហានៃការកកស្ទះចរាចរណ៍ របស់បងប្អូនកម្មកររោងចក្រកាត់ដេរ នៅតំបន់ផ្លូវព្រៃទា ផ្លូវវេងស្រេង និងផ្លូវកប់ស្រូវ និងកន្លែងផ្សេងៗទៀត ក្នុងខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរខណ្ឌត្រូវចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះការលក់ដូរ នៅមុខរោងចក្រ ដែលបង្កឲ្យមានការកកស្ទះ ហើយនៅតាមបណ្តាលផ្លូវទាំងនោះ សុទ្ធសឹងតែមានរោងចក្រយ៉ាងច្រើន និងមានកម្មករប្រមាណ២០ម៉ឺននាក់ ។ លោកបានបន្ថែមថា ការលក់ដូរនៅមុខរោងចក្រ គឺជាបញ្ហាធ្ងន់ធ្ងរ ហើយរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌ គឺមានការលំបាកលើបញ្ហានេះ បើបិទមិនឲ្យលក់សោះ បងប្អូនដែលចេញពីធ្វើការក្នុងរោងចក្រ ពួកគាត់អត់មានអ្វីហូបចុកទេ ប៉ុន្តែបើសិនជាយើងបណ្តោយឲ្យមានការលក់ដូរ នឹងធ្វើឲ្យមានការកកស្ទះ និងមានការរិះគន់ដល់អាជ្ញាធរ ខណ្ឌ រាជធានី។ លោកបានស្នើដល់អាជ្ញាធរខណ្ឌ ត្រូវធ្វើការងារសណ្តាប់ធ្នាប់នេះ ឲ្យបានល្អប្រសើរ ចៀសវាងនូវការរិះគន់ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលរង បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសគឺការបង្កើនកងកម្លាំងប៉ូលិស និងកងកម្លាំងសណ្តាប់ធ្នាប់ ចុះមកដោះស្រាយបញ្ហាជាក់ស្តែងតែម្តង ដូចជា ក្នុងខណ្ឌពោធិ៍សែនជ័យ ទួលគោក និងខណ្ឌសែនសុខ ។ ចំណែកការកកស្ទះចរាចរណ៍ ហូរចេញពីផ្លូវជាតិលេខ១ មកក្រសួងមហាផ្ទៃ មុខក្រសួងកសិកម្ម និងផ្លូវព្រះមុនីវង្ស និងបញ្ហាកកស្ទះជាច្រើនទៀត ដូចជា នៅទីប្រជុំជន និងតាមទីផ្សារជាដើម ដែលទាមទារត្រូវឲ្យមានការដោះស្រាយជាបន្ទាន់។
លោកបានបន្ថែមថា និយាយជារួម បើរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានការលំបាក ក្នុងការធ្វើសណ្តាប់ធ្នាប់បំបែកមិនចេញ ត្រូវការកម្លាំង ជួយពីរដ្ឋបាលរាជធានីភ្នំពេញ គឺខាងរដ្ឋបាលរាជធានី រីករាយនឹងជួយ ព្រោះរដ្ឋបាលរាជធានី មានកម្លាំងអន្តរាគមន៍ របស់ការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយនឹងការិយាល័យចរាចរណ៍ ។ យោងតាមបទពិសោធន៍ ដែលរដ្ឋបាលរាជធានី ធ្លាប់ធ្វើការងារនេះ នាពេលកន្លងមក រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ គឺរៀបចំសណ្តាប់ធ្នាប់ បានជោគជ័យប្រហែល៧០-៨០ភាគរយ នៅតាមផ្លូវព្រះមុនីរ៉េត ផ្សារដើមគរ និងផ្សារបន្លែ ។ ទោះបីជាយើងមិនទាន់បានរៀបចំសណ្តាប់ធ្នាប់ បានល្អ១០០ភាគរយ ក៏ប៉ុន្តែយើងទទួលបាននូវការវាយតម្លៃខ្ពស់ និងមានការកោតសរសើរ ពីបងប្អូនប្រជាពលរដ្ឋ ហើយការងារនេះ យើងអាចធ្វើបាន ត្រូវការនូវការប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុប ។ មានន័យថា បើគ្មានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធដូចជាអាជីវករ និងអ្នកលក់ដូរនោះទេ កម្លាំងរបស់សង្កាត់ ខណ្ឌ ច្បាស់ជា មិនអាចធ្វើការងារនេះ បានជោគជ័យទេ ព្រោះការងារសណ្តាប់ធ្នាប់នេះ ជាការវែកចកអ៊ីចឹង ហើយគ្រាន់តែធ្វើមួយឆាយៗ មួយពេលៗមិនជាប់ជាប្រចាំក៏ទៅមិនរួចដែរ។
លោក បានលើកឡើងថា ក្នុងវេទិកានេះ មិនមានការលើកឡើង ពីបញ្ហាគ្រឿងញៀននោះទេ គឺលើកឡើងពីបញ្ហាសណ្តាប់ធ្នាប់ ការកកស្ទះចរាចរណ៍ បញ្ហាទឹកលិច បញ្ហាស្ថាបផ្លូវ លូប្រឡាយ ជាដើម ប៉ុន្តែបញ្ហាគ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ ក៏ជាបញ្ហាស្មុគស្មាញដែរ ជាពិសេសនៅតាមតំបន់ ដែលមិនទាន់រៀបរយ ស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ និងជាពិសេស នៅដែលយើងកំពុងធ្វើយុទ្ធនាការ នៅក្នុងចុះទៅធ្វើកិច្ចសន្យា ជាមួយនឹងម្ចាស់អាជីវកម្មដ្ឋាន ដូចជា ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ដែលកម្រិតខណ្ឌធ្វើ គឺយោងតាមប្រសាសន៍ របស់លោកអភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី១៤ខែវិច្ឆិកា) ដោយបញ្ជាក់យ៉ាងច្បាស់ហើយថា គឺអភិបាលខណ្ឌ ត្រូវចុះធ្វើផ្ទាល់ដោយខ្លួនឯង ជាមួយលោកអធិការនគរបាលខណ្ឌ គឺមិនអនុញ្ញាតឲ្យអភិបាលរងខណ្ឌទទួលបន្ទុកធ្វើទេ ពីព្រោះនៅកម្រិតរាជធានី ក៏លោកអភិបាលរាជធានី ធ្វើផ្ទាល់ ជាមួយលោកស្នងការនគរបាលរាជធានីផ្ទាល់ដែរ ហើយទម្លាក់ឲ្យលោកអភិបាលរងខណ្ឌទទួលបន្ទុកធ្វើ ទាល់តែមានការងារចាំបាច់ និងមានលិខិតផ្ទេសិទ្ធិត្រឹមត្រូវ។
លោកថ្លែងរំលឹកឡើងវិញថា ក្នុងវេទិកាសាធារណៈ នៅខណ្ឌពោធិ៍សែនជ័យ ដែលប្រារព្ធឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងចំណោម ១៣៥ សំណួរ សំណូមពរ និងសំណើ របស់បងប្អូនប្រជាពលរដ្ឋ គឺបានដោះស្រាយចំនួន ៥៦ បញ្ហា ប្រហែល ៤៥ ភាគរយ ហើយ ៧៥ បញ្ហាទៀត គឺបានដាក់បញ្ចូល ទៅក្នុងផែនអភិវឌ្ឍន៍៣ឆ្នាំរំកិល របស់សង្កាត់ និងខណ្ឌរួចហើយ ដែលបង្ហាញពីប្រសិទ្ធភាព នៃការធ្វើវេទិកាសាធារណៈ។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា “ក្នុងឱកាសនៃការបើកវេទិកាសាធារណៈ គឺឯកឧត្តមគណៈអធិបតី បានលើកឡើងថា ប្រសិទ្ធភាពនៃវេទិកា ប្រសិនបើជាលើកបញ្ហាហើយ មិនមានការដោះស្រាយ ថ្ងៃក្រោយ អញ្ជើញប្រជាពលរដ្ឋ អញ្ជើញតំណាងភូមិ អាជ្ញាធរមូលដ្ឋានមកធ្វើវេទិកាសាធារណៈ គេមិនមកទេ ព្រោះយើងអត់មានការឆ្លើយតប។ ឆ្លើយតប ក្នុងកម្រិតណាក៏ដោយ ជាអវិជ្ជមាន ឬវិជ្ជមាន ឬយ៉ាងម៉េច ប៉ុន្តែយើងបានឆ្លើយតប ទៅនឹងបញ្ហានេះ បានទាន់ពេលវេលា ដែលបង្ហាញពីបរិយាប័ន្ន ពីការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន និងថ្នាក់ក្រោមជាតិ បាននិងកំពុងដំណើរការល្អ”។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើបញ្ហាសិទ្ធិមនុស្ស នៅពេលដែលជួប សវនាការជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺលោកស្រី មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកឲ្យមានការប្រើប្រាស់ នូវអង្គភាពច្រក នៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ដែលនេះបង្ហាញពីការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងបើកផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដូចលោកស្រី អ្នកសម្របសម្រួលកម្មវិធី បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង របស់លោកអភិបាលរាជធានីភ្នំពេញ ក្នុងអាណត្តិថ្មី ខិតខំធ្វើយ៉ាងណា រំកិល នូវសេវាសាធារណៈ ឲ្យនៅកៀកកិតប្រជាពលរដ្ឋ៕