ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីព្រមានថាគោលដៅលើ ទាហានបារាំង ប្រសិនបើពួកគេត្រូវបានបញ្ជូនទៅអ៊ុយក្រែន

176

៖រុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានព្រមាន បារាំងនៅថ្ងៃពុធនេះថា ប្រសិនបើប្រធានាធិបតីបារាំង លោក Emmanuel Macron បញ្ជូនទាហានទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែន នោះ ពួកគេ នឹង ត្រូវ បាន គេ មើល ឃើញ ថា ជា គោលដៅ ស្របច្បាប់ របស់ យោធា រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

កាលពីខែកុម្ភៈកន្លងទៅ លោក Macron បានបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញពាក្យសម្តីរបស់លោក ដែលបានលើកឡើងថា លោកមិនបានបដិសេធការដាក់ពង្រាយទាហានបារាំង ក្នុងប្រទេសអ៊ុយក្រែននាពេលអនាគតនោះទេ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីបារាំងរូបនេះបានព្រមានទៀតថា ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន ភាពជឿជាក់របស់អឺរ៉ុបនឹងធ្លាក់ចុះដល់សូន្យ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយទៅកាន់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់លោក Macron ស្តីពីការដាក់ពង្រាយកងទ័ពដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន វាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដោយចេតនា ដើម្បីសាបព្រួសភាពមិនប្រាកដប្រជាជាយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី។

លោកស្រីបានសង្កត់ធ្ងន់ថា «…ប្រសិនបើកងទ័ពបារាំងចូលទៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយជាគោលដៅសម្រាប់រុស្ស៊ី។ ទីក្រុងប៉ារីសប្រហែលជាដឹងរឿងនេះរួចហើយ»។

គួរជម្រាបថា កាលពីថ្ងៃចន្ទ រុស្ស៊ីបានប្រកាសថាខ្លួននឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាផ្នែកមួយនៃសមយុទ្ធយោធា បន្ទាប់ពីអ្វីដែលទីក្រុងម៉ូស្គូបាននិយាយថា ជាការគំរាមកំហែងពីប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង