ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់លោកជំទាវ ឈឹម ប៉ែននីឡា

102

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសាររំលែកទុក្ខ ផ្ញើជូនលោក ឈួន សុធី ចំពោះមរណភាពរបស់លោកជំទាវឈឹម ប៉ែននីឡា ដែលត្រូវជាម្តាយមីងជីដូនមួយ របស់សម្តេច។

ក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ឈឹម ប៉ែននីឡា ត្រូវជាភរិយាឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅ វេលាម៉ោង១:៣០នាទីរំលងអធ្រាត្រ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា មាតា មាតា ក្មេក យាយ និងយាយទួតដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ដែលកន្លងមកក្នុងឆាកជីវិតរបស់ លោកជំទាវ បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែង ឯកឧត្តម ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងខិតខំចិញ្ចឹមបីបាច់ ថែរក្សាអប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមបានចាប់កំណើតក្នុងសុគតិភពបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង