តំណាងប្រទេសចូលរួមក្នុងសម័យប្រជុំ លើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីសកោតសរសើរកម្ពុជាចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស
ទីក្រុងហ្សឺណែវ–ស្វីស៖ គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក.) បានសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាងកម្ពុជា ដឹកនាំលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមជាមួយថ្នាក់ដឹកនាំមកពីអន្តរក្រសួងមួយចំនួនទៀត។
យន្តការ UPR ជាយន្តការមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដើម្បីពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ដោយប្រទេសដទៃទៀតរៀងរាល់ចន្លោះពី៤ឆ្នាំកន្លះ ទៅ៥ឆ្នាំម្តង។ ការពិនិត្យនេះធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់កិច្ចសន្ទនាបែបស្ថាបនា
រវាងរដ្ឋនិងរដ្ឋ ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យរួមគ្នាលើកកម្ពស់ និងការពារសិទ្ធិមនុស្សជាសកល តាមរយៈការចែករំលែកនូវបទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ពោលគឺយន្តការនេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬការវាយប្រហារគ្នាលើបញ្ហា
សិទ្ធិមនុស្សនោះទេ តែជាឱកាសក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមកស្របតាមគោលការណ៍ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម និងប្រកបដោយអត្ថន័យក្នុងយន្តការនេះ ក៏ដូចជាយន្តការសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។ នៅក្នុងការពិនិត្យរបាយការណ៍ជុំទី៤នេះ គណៈប្រតិភូកម្ពុជា បានបង្ហាញនូវសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តអនុសាសន៍ចំនួន១៧៣ ដែលបានទទួលយកកាលពីជុំទី៣ ព្រមទាំងធ្វើបច្ចុប្បន្នភាព និងបង្ហាញនូវវឌ្ឍនភាពថ្មីៗជាច្រើនទៀតលើវិស័យផ្សេងៗ។
សមិទ្ធផលទាំងឡាយដែលបានបង្ហាញទាំងនៅក្នុងរបាយការណ៍ជុំទី៤ និងក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូ បានក្ដោបទៅលើសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច និងសិទ្ធិវប្បធម៌ រួមទាំងស្ថានភាពនៃសិទ្ធិរបស់ក្រុមជាក់លាក់មួយចំនួនផងដែរ។ សមិទ្ធផលទាំងនោះរួមមាន៖ ការដាក់ចេញនូវក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀត ស្របតាមស្ថានភាព និងបរិបទជាក់ស្ដែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
តាមរយៈសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «នៅក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន១០០ បានចុះឈ្មោះចូលរួម ដើម្បីលើកជាមតិយោបល់ និងផ្តល់អនុសាសន៍ផ្សេងៗដល់ប្រទេសកម្ពុជា។ ជាការកត់សម្គាល់តំណាងប្រទេសដែលបានចូលរួមទាំងអស់បានសម្តែងនូវការសាទរនិងការកោតសរសើរដល់ប្រទេសកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសាសន៍ដែលបានទទួលយកនាពេលកន្លងមក ក៏ដូចជាការប្ដេជ្ញាចិត្ត និងការបង្ហាញចេញនូវសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស»។
ទន្ទឹមនឹងនេះ ក៏មានអនុសាសន៍ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួលបានការសាទរ និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែលបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាននូវការប្រើប្រាស់សិទ្ធិ និងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយ និងប្រសើរឡើងជាលំដាប់។
សូមបញ្ជាក់ថា អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្ដល់ឱ្យកម្ពុជា គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះ
អនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។
ជារួម នៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ UPR ជុំទី៤នេះ ពិតជាបានផ្ដល់ឱកាសសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការចែករំលែក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យសិទ្ធិមនុស្ស ព្រមទាំងជាឱកាសក្នុងការពន្យល់បកស្រាយ និងបង្ហាញពីស្ថានពិតជាក់ស្ដែងក្នុងប្រទេសកម្ពុជាលើបញ្ហាមួយចំនួន៕