ស្អែកនេះកីឡាទាញព្រ័ត្រប្រកាសរៀបចំជើងឯក ថ្នាក់ជាតិនិងពានរង្វាន់ Idol នៅខេត្តព្រះសីហនុ
ភ្នំពេញ៖សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់Idolលើកទី១ឆ្នាំ២០២៤ចាប់ផ្តើមដំណើរការការប្រកួតជាផ្លូវការពីថ្ងៃទី ១០ដល់១២ ខែឧសភា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងដៃគូឧបត្ថម្ភនានា។
លោក មាស សារិនប្រធានសហប័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិនិងពានរង្វាន់Idolលើកទី១នេះ ឆ្នាំ២០២៤ក្នុងគោលបំណងផ្សព្វផ្សាយកីឡាទាញព្រ័ត្រនិងចូលរួមបំផុសឲ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត ដើម្បីទទួលបានការគាំទ្រចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ក៏ដូចជាការចូលរួមអបអរសាទរខួបលើកទី៩នៃការបើកបង្ហាញល្បែងទាញព្រ័ត្រដែលអង្គភាព UNESCO បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងនោះ សហព័ន្ធក៏ត្រៀមជ្រើសរើសក្រុមខ្លាំង ដែលមានសមត្ថភាពឆ្នើមៗ សម្រាប់ត្រៀមទៅចូលរួមព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិនានាទៅតាមការអញ្ជើញរបស់សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិ ផងដែរ។
លោកបានលើកឡើងទៀតថាសំខាន់ជាងនេះការប្រកួតកីឡាទាញព្រ័ត្រនេះដើម្បីសម្រួចទិសដៅក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមៗសម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០២៥ក្នុងករណីក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥នៅថៃធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធនឹងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការរៀបចំ អ្នកគាំទ្រ សរុប ៩៣២ នាក់ ក្នុងនោះមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីចូលរួមប្រកួតមានចំនួនសរុប៣១២នាក់។ ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតមាន ៨ វិញ្ញាសា រួមមាន៖ វិញ្ញាសា៨នាក់ទល់៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រាម វិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រាម និងវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រាម។
ចំពោះវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកនារី ទម្ងន់២៥០គីឡូក្រាម,វិញ្ញាសាម្នាក់ទល់ម្នាក់ ផ្នែកបុរស ទម្ងន់ ៧៥គីឡូក្រាម វិញ្ញាសាម្នាក់ទល់ម្នាក់ ផ្នែកនារី ទម្ងន់ ៦២,៥០គីឡូក្រាម រីឯវិញ្ញាសាពានរង្វាន់សមាគម មានវិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកបុរស លើទម្ងន់ ៦០០គីឡូក្រាម រីឯផ្នែកនារី គឺវិញ្ញាសា ៨នាក់ទល់៨នាក់ប្រកួតលើទម្ងន់ ៥០០គីឡូក្រាម៕