ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជនថ្ងៃនេះពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS
ភ្នំពេញ៖ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅអគារ KAMPUS។
ក្រុមហ៊ុន សហគ្រាសធំៗចំនួន២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នៅតាមបញ្ជរនៅអគារ KAMPUS និងកំពុងរង់ចាំទទួល ពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនាព្រឹកនេះលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោកបានបញ្ជាក់បន្ថែមថាការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះយុវជន និងអ្នកស្វែងរកការងារត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួលនិងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត។
លោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក)បានឱ្យដឹងដែរថាព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។ កន្លងមក ស.ស.យ.ក តែងតែធ្វើជាដៃគូយ៉ាងជិតស្និតជាមួយ NEA ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានវេទិកាការងារ ពិព័រណ៍ការងារថ្នាក់ជាតិជាដើម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានពីឱកាសការងារ ដល់ប្រជាពលរដ្ឋពិសេសយុវជន។
លោក គួយ គីមរើន អ្នកសម្របសម្រួលគម្រោងជាតិ អង្គការអន្តរជាតិខាងការងារ (ILO) មានប្រសាសន៍ថា ILO ពិតជាមានសេចក្តីសោមនស្សរីករាយនឹងគាំទ្រគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ការងារដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះឡើង ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងនិយោជក អ្នកស្វែងរការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ពិសេសនោះ ពិព័រណ៍ការងារនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជកដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។
សូមជម្រាបថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី០៩-១០ ខែឧសភា នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម ។
ព័ត៌មានបន្ថែម សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.khនិងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕