ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការចាប់ខ្លួន លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការចាប់ខ្លួន លោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ផ្អែកតាមដីកាបញ្ជាឱ្យចូលខ្លួននេះ និងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយ ការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ ដូច្នេះ ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែល ប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបាន ប្រព្រឹត្តនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ បុគ្គលគ្រប់រូបមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។ រីឯការសម្រេចយ៉ាងណា គឺអាស្រ័យទៅលើការស៊ើបអង្កេត របស់តុលាការ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញដែរថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុង សង្គមនីតិរដ្ឋ៕