បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងកាំភ្លើងខ្លីមួយដើម
ព្រះសីហនុ៖កម្លាំងផែនការងារសន្ដិសុខ និងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ ព្រមទាំងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១កន្លែង នៅចំណុចសណ្ឋាគារជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី ដោយទទួលបានបទបញ្ជាពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីកន្លែងកំណើតនៅខេត្ដហ៊ូណាន ប្រទេសចិន។ បច្ចុប្បន្នទីលំនៅបច្ចុប្បន្ន: ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖ សារធាតុញៀនទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម ក្នុងនោះ៖ សារធាតុញៀនប្រភេទមេតំហ្វតាមីន (ICE) ទម្ងន់ ១២៨,៤៨ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ១៥៤០ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ១២៥២៣,៣១ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទអ៉ិចស្ដាស៊ី (MDMA) ទម្ងន់ ៤៣៩៥០,៥៣ក្រាម (ទម្ងន់សុទ្ធ), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង, ផ្លាកលេខរថយន្ដចំនួន ០៤ផ្លាក, ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ, កាំភ្លើងខ្លីចំនួន ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635 ផលិតនៅប្រទេសប្រេស៊ីល និងគ្រាប់កាំភ្លើងចំនួន ៥០គ្រាប់។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕