ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៣ពាន់នាក់នៅស្រុកតាំងគោក

61

កំពង់ធំ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ២,៩៣៨នាក់ ស្មើនឹង ៥,១៦៦ករណី ស្ថិតនៅក្នុងបរិវេណ បឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែនគ្រើលអណ្តូងពោធិ៍។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាម រយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគម គ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែង ក្តី សប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹក នាំ ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជំងឺទូទៅ ជូន ប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបមានចំនួន ២,៩៣៨នាក់ ស្មើនឹង ៥,១៦៦ ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូន មកព្យាបាលបន្តមានចំនួន៧៧នាក់។ រាល់ការ ចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងឱកាសនោះ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកជូនកាបូប ស្ពាយ ដល់សិស្សានុសិស្សមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង