ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃឹម ហ្វីណង់ និយាយពីរឿងសណ្តែក គួរឡើងថ្លៃ មិនមែនសណ្ដែកគួរនាំចូលពីបរទេសនោះទេ

102

 ភ្នំពេញ ៖ សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកគួនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០ភាគរយ ទៅ ៩០ភាគរយ។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។ នេះបើតាមការឱ្យដឹងពី   លោក  ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខប្រមាញ់ និនេសាទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

     លោក អនុរដ្ឋលេខាធិការ បានបន្តថា បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ។ គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថា យើងអត់ហូបសណ្តែកកួរមិនបានឯណា។ មិនច្បាស់ថា ប្អូនប្រុស វិមាន យល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។ 

      ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូន វិមាន នឹងធ្វើការកែតម្រូវកំហុសមួយនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង