ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ការព្យាបាលជំងឺមហារីកបេះដូងធ្ងន់ធ្ងររបស់លោក នុត ណារ៉េត សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់

79

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់ថវិកាមួយចំនួនដល់អ្នកស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ហើយកំពុងព្យាបាលនៅក្រៅប្រទេស ដើម្បីជូួយសម្រាលដល់បន្ទុករបស់គ្រួសារ ។

ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានផ្តល់អាហារូបរកណ៍ដល់កូនស្រីទាំងពីរនាក់របស់ប្អូនស្រី ដើម្បីទទួលបាននូវការអប់រំ ចំណេះដឹង និងឱកាសនៃការសិក្សាតទៅមុខទៀត។

សូមជម្រាបថា លោក នុត ណារ៉េត ដែលជាសិស្សពូកែតាំងពីតូច តស៊ូសិក្សារហូតក្លាយ ជាមន្ត្រីដ៏សកម្ម និងបានបន្តការសិក្សាបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រកសិកម្មនៅប្រទេសជប៉ុន បានធ្លាក់ខ្លួនឈឺជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ដែលជាប្រភេទជំងឺកម្រមួយ។ បច្ចុប្បន្នលោក កំពុងសង្រ្គោះនៅប្រទេសថៃ ដោយត្រូវការថវិកាជាច្រើនសម្រាប់ព្យាបាលជំងឺនេះ។

លោក នុត ណារ៉េត អាយុ៣៩ឆ្នាំ ជាប្រធានដេប៉ាតឺម៉ង មហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកវិទ្យាល័យភូមិន្ទកសិកម្ម បានធ្លាក់ខ្លួនឈឺកាលពីខែសីហា ឆ្នាំ២០២៣ ក្រោយពេលទៅសិក្សាស្រាវជ្រាវនៅប្រទេសខូសារីតា អាមេរិកឡាទីន បានប្រមាណ២ខែ។ ដោយអការៈមិនទាន់ធូរស្រាលក្រុមគ្រួសាររបស់លោកបានបញ្ជូនទៅសង្រ្គោះ និងព្យាបាល នៅប្រទេសថៃ។ ក្នុងរយៈពេលព្យាបាល១ខែកន្លះនៅប្រទេសថៃ បានវះកាត់៤ដង រួចមកហើយ ដើម្បីយកទឹកចេញពីសួត និងបេះដូង។

លោកស្រី លី ម៉ុនថា ជាភរិយារបស់លោក នុត ណារ៉េត បានឱ្យដឹងថា អស់រយៈពេល៩ខែហើយ ដែលប្តីរបស់លោកស្រីបានធ្លាក់ខ្លួនឈឺជំងឺមហារីកបេះដូងធ្ងន់ធ្ងរ និងបានចំណាយ ថវិកាអស់យ៉ាងច្រើនសម្រាប់ព្យាបាល។ បច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ និងរង់ចាំការចាក់ថ្នាំគីមី។

លោកស្រីបានបញ្ជាក់ថា គ្រូពេទ្យបានតម្រូវឱ្យចាក់គីមីចំនួន៣ដង ដោយម្តងត្រូវ ចំណាយ ថវិកា ប្រមាណ៣៥០០ដុល្លារ ដែលជាចំនួនមួយដ៏ច្រើន ហើយគ្រួសាររបស់លោកស្រីកំពុងខ្វះលទ្ធភាពក្នុងការព្យាបាលផងដែរ។

ការធ្លាក់ខ្លួនឈឺរបស់ លោក នុត ណារ៉េត បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារលោកយ៉ាង ខ្លាំង ខណៈបច្ចុប្បន្ននេះលោកស្រី លី ម៉ុនថា កំពុងមានផ្ទៃពោះ៧ខែ និងមានកូនតូច២នាក់ នៅក្នុងបន្ទុក ស្របពេលលោកស្រីក៏មិនអាចចេញទៅបំពេញការងាររកស៊ីបាន។

លោកស្រីបានសំណូមពរដល់សប្បុរសជន ព្រមទាំងប្រមុខរាជរដ្ឋាភិបាល ជួយឧបត្ថម្ភថវិកា តាមលទ្ធភាព ដើម្បីបន្តព្យាបាល លោក នុត ណារ៉េត ឱ្យជាសះស្បើយ ដើម្បីឱ្យលោកបានមកបំពេញការងារ ជួយបណ្តុះបណ្តាលនិស្សិតក្នុងវិស័យកសិកម្មបន្តទៀត។

លោកស្រីបានលើកឡើង លោក នុត ណារ៉េត គឺជាមន្រ្តី និងជាគ្រូបង្រៀនដ៏សកម្មម្នាក់ ដែល បានលះបង់កម្លាំង និងពេលវេលាក្នុងការបំពេញការងារ និងបង្រៀនសិស្សឱ្យទទួលបាន ចំណេះ ដឹងទាក់ទងនឹងវិស័យកសិកម្ម។

សូមជម្រាបផងដែរ លោក នុត ណារ៉េត មានសាវតារជាសិស្សពូកែតាំងពីបឋមសិក្សាដល់ ដល់ វិទ្យាល័យ។ លុះឡើងមករៀននៅឧត្តមសិក្សាលោកនៅតែជាសិស្សឆ្នើមទទួល បានអាហារូប ករណ៍ ជាបន្តបន្ទាប់ទៅសិក្សានៅក្រៅប្រទេសដូចជាថៃ អ៊ីស្រាអែល និងជប៉ុនជាដើម។

លោក នុត ណារ៉េត កើតនៅឆ្នាំ១៩៨៥ នៅខេត្តសៀមរាប។ លោកបានរៀបការជាមួយ អ្នក ស្រី លី ម៉ុនថា ទទួលបានចំណងដៃកូនស្រីចំនួន ២នាក់។ កាលពីកុមារភាព ចន្លោះឆ្នាំ ១៩៩៣ ដល់ឆ្នាំ១៩៩៩ លោក នុត ណារ៉េត សិក្សានៅសាលាបឋមសិក្សាវត្តរាជបូណ៌ និងបានបន្តការសិក្សានៅអនុវិទ្យាល័យអង្គរ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២។ លុះឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ លោកសិក្សានៅវិទ្យាល័យ១០មករា១៩៧៩ និងបានប្រឡងជាប់ សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០០៥ តែម្តង។

លុះបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅខេត្តសៀមរាប លោក នុត ណារ៉េត បានឡើងមករៀននៅឧត្តមសិក្សាចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេស បច្ចេកវិទ្យានិងគ្រប់គ្រងកសិកម្ម ពីសាកលវិទ្យាលភូមិន្ទកសិកម្ម។ នៅឆ្នាំ២០០៧-២០០៨ លោកក៏បានទៅសិក្សាថ្នាក់ឌីប្លូម៉ានៅប្រទេសអ៊ីស្រាអ៊ែលផងដែរ។

បន្ទាប់មកពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ លោកបានទៅសិក្សានៅបរទេស និងបានញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យខនកែន ប្រទេសថៃ។ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ លោកបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យកសិកម្មតូក្យូ ប្រទេសជប៉ុន។

តាមរយៈចំណេះវិជ្ជាលោក នុត ណារ៉េត បានយកទៅបម្រើសង្គមជាតិជាច្រើន រួមមាន៖
ពីឆ្នាំ២០០៩ -២០១១ លោកជាមន្ត្រីរដ្ឋបាលនៅមហាវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រងកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពីឆ្នាំ២០១៤ -២០១៧ លោកជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន លោកជាប្រធានដេប៉ាតឺម៉ង់នៅមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង