ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតកាណាដា ឯកភាពគ្នាជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម

50

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកស្រី នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។

ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដា កំពុងតែខិតខំដើម្បីស្វែងរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោ សង្ឃឹមថាលោកស្រី នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអបអរសាទរដល់លោកស្រី ដែលបានតែងតាំងជាឯកគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជានាពេលនេះ។ លោកស្រី ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា។

លោកស្រី ពិតជាមានសេចក្តីរីករាយ ដែលបានក្លាយជាដៃគូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយប្ដេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់លោកស្រី ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជាជំរុញការវិនិយោគប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលកន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុនផ្សេងៗទៀត។

លោកស្រី នឹងខិតខំដើម្បីឲ្យមានការវិវត្តរីកចម្រើនទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ (Solar) ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជា និងកាណាដា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពោលគឺជាង៧០ឆ្នាំទៅហើយ គឺយើងមានទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។

សម្ដេចបានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភក្តិទាំងឡាយណា ដែលបានទទួលស្គាល់កម្ពុជា មុនកម្ពុជាបានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោ បានបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យ នៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមានការវិវត្តន៍ មានស្ថិរភាព បើទោះបីជាយើងមានបញ្ហាប្រឈមកន្លងទៅ ដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិសាស្ត្រនយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែកជួយជំរុញវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់ទំនិញផ្សេងៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗ តាមប្រព័ន្ធអេឡិចត្រូនិចនេះ។

សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា នៅភ្នំពេញ ហើយបានជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការនានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែលប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជា គ្មានមីនក្នុងឆ្នាំ២០២២ ហើយសម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដា បន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយសម្តេចតេជោ ក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការ នៃកិច្ចប្រជុំនេះផងដែរ។

សម្ដេចតេជោ និងលោកស្រី ឯកអគ្គរដ្ឋទូតកាណាដា ក៏បានពិភាក្សាគ្នាផងដែរ ទៅលើទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានមានប្រសាសន៍ថា ប្រទេសជាច្រើនសុទ្ធតែមានយុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អាមេរិក កាណាដា សហគមន៍អុឺរ៉ុប ជប៉ុន អូស្ត្រលី  ឥណ្ឌា កូរ៉េ ជាដើម។

ទោះជាយ៉ាងណា សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានគោលការណ៍មួយគឺ ស្វាគមន៍សម្របសម្រួលរួមចំណែកនៅក្នុងទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ តែត្រូវផ្ដោតលើគោលការណ៍៣គឺ៖

*ទី១៖ សកម្មភាពបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ
*ទី២៖ ធ្វើយ៉ាងណាមិនឲ្យប្រឆាំងនឹងប្រទេសណាមួយ ឬប្លុកណាមួយ ដែលនាំឲ្យបង្កមានជម្លោះនៅក្នុងតំបន់នេះ
*ទី៣៖ ទស្សនៈណាក៏ដោយ គឺត្រូវស្របនឹងគោលការណ៍និងទស្សនវិស័យរបស់ឥណ្ឌូប៉ាស៊ីហ្វិក របស់អាស៊ាន និងមជ្ឈភាពអាស៊ាន។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានណែនាំថា យើងត្រូវតែបន្តរួមគ្នា នូវអ្វីដែលយើងអាចធ្វើជាមួយគ្នាបាន ដើម្បីបន្តឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោកស្រី ឯកអគ្គរដ្ឋទូតកាណាដា បានវាយតម្លៃខ្ពស់ចំពោះ ប្រសាសន៍របស់សម្ដេចតេជោ ដោយលោកស្រីបានបញ្ជាក់ថា ប្រទេសយើងទាំងពីរ មានប្រវត្តិទំនាក់ទំនងយូរអង្វែង ប្រកបដោយផ្លែផ្កា និងត្រង់ទៅត្រង់មក ហើយបានចាត់ទុកថា កម្ពុជា ជាដៃគូរបស់កាណាដាដែលគួរឲ្យទុកចិត្ត។

លោកស្រី ក៏បានប្ដេជ្ញា ធ្វើការរួមគ្នាជាពិសេសលើបញ្ហាវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកស្រីបានណែនាំឲ្យបណ្ដាលក្រុមហ៊ុនវិនិយោគរបស់កាណាដា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធការងារ ជាពិសេសត្រូវធ្វើយ៉ាងណា មានផលប្រយោជន៍ចំពោះប្រជាជនកម្ពុជា។

ជាចុងក្រោយ សម្តេចតេជោក៏បានជូនពរ លោកស្រី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូត៕

អត្ថបទដែលជាប់ទាក់ទង