រដ្ឋមន្ត្រីក្រសួងព័ត៌មាននាំយក ថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង
ក្រចេះ៖ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន២៧ លានរៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ចុះមូលដ្ឋានខេត្តក្រចេះ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វ ស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង។
បឹងនេះ មានទំហំ៥១ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះ មានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស៥៥៦០នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹង ដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណឯកឧត្ដម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង,ឯកឧត្ដមជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុក ដែលបានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង។
សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដមឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។
ឯកឧត្ដមឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្ដមបានបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន ៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។ ក្នុងនោះដែរ ឯកឧត្ដមក៏បានចូលរួមចំណែក ក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគក្នុងការងារជួយស្ដារបឹងកូនសត្វ ឲ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។
ឯកឧត្ដមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូល ក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។
ដោយមើលឃើញពីតម្រូវការចាំបាច់ របស់ប្រជាប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងក្នុងការប្រើប្រាស់ទឹក ឯកឧត្ដម នេត្រ ភក្ត្រា បានឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីទិញប្រេងដំណើរការស្តារឲ្យបានឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សប្បុរសជន ចូលរួមគាំទ្រថវិកាបន្ថែមទៀត៕