បុគ្គលិកអង្គការ Save children ៤នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯង
តាកែវ៖ រថយន្ដក្រុងមួយគ្រឿង ដឹកក្រុមអង្គការ Save children ជួយកុមារកំព្រា បានជួបគ្រោះថ្នាក់ចរាចរ ដោយរេចង្កូតទៅបុកដើមស្វាយ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល១០នាក់ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
នគរបាលខេត្តតាកែវ បានឲ្យដឹងថា រថយន្ដក្រុងនេះ ផ្ទុកមនុស្សសរុបចំនួន១៥នាក់ ដោយធ្វើដំណើរមកពីខេត្តកែប កាត់ខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រ៉េទៅបុកដើមស្វាយនៅខាងស្ដាំដៃពេញទំហឹងតែម្ដង។ ក្នុងគ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯងនេះ បណ្ដាលឲ្យជនរងគ្រោះ៤នាក់ស្លាប់ ក្នុងនោះមានស្ដ្រីជនជាតិអូស្ដ្រាលីម្នាក់ និងរងរបួសធ្ងន់៧នាក់ របួសស្រាល៣នាក់។ ជនរងគ្រោះស្លាប់ ១/.ឈ្មោះ ស៊ុក រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ២/.ឈ្មោះ កូ លីណា ភេទស្រី អាយុ ប្រហែល៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) ៣/.ឈ្មោះ ឡូ រ៉ា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិអូស្ត្រាលី បុគ្គលិកអង្គការSave Children(ស្លាប់នៅកន្លែងកើតហេតុ) ៤/. មិនស្គាល់ឈ្មោះ ភេទស្រី ជាបុគ្គលិកអង្គការជាមួយគ្នា (ស្លាប់នៅមន្ទីរពេទ្យ) និងរងរបួសធ្ងន់ ០៧នាក់(ស្រី០២នាក់) របួសស្រាល ០៤នាក់ (ប្រុស) (មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)។
ដោយឡែកអ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែជនរងគ្រោះ និងរថយន្ដនៅកន្លែងកើតហេតុ៕