ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះសាលាក្តីបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង០០២ វគ្គ០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន

66

ភ្នំពេញ ៖ សាលាដំបូងនៃសាលាក្តីខ្មែរក្រហម នៅវេលាម៉ោង៩ និង៣០ នាទី ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះបាននិងកំពុងបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ ចោទ នួន ជា និងខៀវ សំផន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។

តាមសាលាក្តីខ្មែរក្រហមមបានបញ្ជាក់ថា  ពិធី​ប្រកាស​សាលក្រមលើ​សំណុំរឿង​០០២/០២ ដែលមាន​ជន​ត្រូវ​ចោទ នួន​ជា និង​ខៀវ​សំផន នេះ មានអ្នកចូលរួមប្រមាណ១០០០​នាក់ មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ រួមមាន ជនរងគ្រោះ សិស្ស យុវជន ឥស្សរជន​ជាន់ខ្ពស់ និង​បណ្តា​អង្គទូត​ទាំងអស់​ ហើយព្រឹត្តិការណ៍​ជាតិ​ប្រវត្តិសាស្ត្រ​នេះ នឹងមាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក (TVK) និង​ទូរទស្សន៍​ឯកជន​ដទៃទៀត ព្រមទាំង​មាន​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ធ្វើការផ្សព្វផ្សាយផ្ទាល់ពី អ​.​វ​.​ត​.​ក ផងដែរ​។ជុំវិញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកកាសែត​កម្ពុជា ស​.​ស​.​ស​.​ក បាន​អំពាវនាវ​ដល់​សារព័ត៌មាន​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​លើ​ការប្រកាស​សាលក្រម លើ​សំណុំរឿង​០០២ ដំណាក់កាល​ទី​២ ជា​ប្រវត្តិសាស្ត្រ​នេះ​។

សូម​រម្លឹកថា សវនាការ​ដេញដោល ពិនិត្យ​ភ័ស្តុតាង​លើ​សំណុំរឿង០០២ ដំណាក់កាល​ទី​២ បានចាប់ផ្តើម ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៤ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។ សរុបមក ការជំនុំជម្រះ រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល លើ​សំណុំរឿង​០០២/០២ មាន​រយៈពេលចំនួន២៨៣ ថ្ងៃ​។

ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន១៨៥ នាក់ ក្នុងនោះ មាន​សាក្សី​បញ្ជាក់​អង្គហេតុចំនួន១១៤ នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន៦៣ នាក់ និង​អ្នកជំនាញ​ចំនួន៨ នាក់​។ ជនជាប់ចោទ ដែល​ត្រូវ​ជំនុំជម្រះ ក្នុង​សំណុំរឿង ០០២ ដំណាក់កាល​ទី​២ មាន​៖ នួន ជា ដែលជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​។​
បទ​ចោទ នៅក្នុង​សំណុំរឿង ០០២ ដំណាក់កាល​ទី​០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ អំពើ​ប្រល័យ ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ ដូចជា ការដ្ឋាន​ការងារ និង​សហករណ៍ នៅ​ត្រាំកក់ ខេត្តតាកែវ និង​ការដ្ឋាន​ព្រលាន​យន្តហោះ នៅ​ខេត្តកំពង់ឆ្នាំង ជាដើម​។​
អង្គជំនុំជម្រះ ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ នៃ​ជម្លោះ​ប្រដាប់អាវុធ រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម តួនាទី​របស់​ជនជាប់ចោទ នៅក្នុង​រដ្ឋាភិបាល រួមទាំង​ភ័ស្តុតាង ស្តីពី រចនាសម្ព័ន្ធ រដ្ឋបាល និង​ប្រ ព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​
លោក នួន​ជា និង​លោក ខៀវ សំផន ត្រូវបាន​តុលាការ​ខ្មែរក្រហម សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត នៅក្នុង​សំណុំរឿង ០០២ ដំណាក់កាល​ទី​១ ( ០០២/០១ ) កាលពី​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែលមាន​ការជម្លៀស​ប្រជាជន និង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​៕
អត្ថបទដែលជាប់ទាក់ទង