ដាក់ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ នៅព្រះរាជពិធីបុណ្យអុំទូកនេះ សមត្ថកិច្ចបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងធ្វើការសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យេព្រះរាជពិធីបុណ្យនេះ ប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខ សណ្តាប់ធ្នាប់ល្អគ្មានបញ្ហាអ្វីកើតឡើង ។
នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ និងសុខភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈព្រះរាជពិធីបុណ្យនេះ នៅសល់តែប្រាំថ្ងៃទៀតនឹងប្រារព្ឋ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែការពារឲ្យបានដាច់ខាត នៅសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានល្អបំផុត និងត្រូវផ្តល់ព័ត៌មានផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈដែលមានមុខសញ្ញាណាមួយមិនប្រក្រតីនោះ ។
នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ ដែលនៅតាមគោលដៅមានភារកិច្ចបញ្ជាបិទបើកចរាចរណ៍នោះ ត្រូវធានាឲ្យបានឥរិយាបថល្អ សម្តីសម្តៅសមរម្យ ជាមួយនឹងប្រជាពលរដ្ឋ បើទោះបីមាននឿយហត់ក៏ពិតមែន ប៉ុន្តែនេះជាភារកិច្ច នេះជាកាតព្វកិច្ចក្នុងនាមយើងជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ។ កន្លងមកយើងទទួលបានជោគជ័យ និងការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋនូវកម្លាំងល្បាតថ្មើរជើង ដែលកម្លាំងនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពជឿជាក់ និងកក់ក្តៅក្នុងការមកចូលរួមកម្សាន្តសប្បាយក្នុងព្រះរាជបុណ្យអុំទូក ។
សូមបញ្ជាក់ថា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ សមត្ថកិច្ចបានត្រៀមកម្លាំងជាងមួយម៉ឺនបីពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងនោះមានទាំងកម្លាំងចំហរ និងកម្លាំងសម្ងាត់ ។ ហើយដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗប្រទេស ក៏ដូចជាប្រជាពលរដ្ឋទូទៅនោះ សមត្ថកិច្ចបានត្រៀមកម្លាំងសរុប មធ្យោបាយសរុបរួចជាស្រេច ព្រោះថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន និងមានទូកចូលរួមសរុបប្រមាណ ២៩៥ទូក និងកីឡាករអុំទូកមានរហូតដល់ជិតពីរម៉ឺននាក់ និងមានប្រទីប ចំនួន១៥ចំណុះឲ្យស្ថាប័ននានាទូទាំងប្រទេស ៕