មន្រ្តីនគរបាលម្នាក់ ធ្វើលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ដបដិសេធមិនទទួលយកប្រាក់រៀល ត្រូវបានដកចេញពីតំណែង រង់ចាំការដាក់ពិន័យ
ភ្នំពេញ៖បន្ទាប់ពីមានរឿងអាស្រូវពេញបណ្តាញសង្គម ដែល លោកស្រីវរសេនីយ៍ទោ គ្រី ណារី បដិសេធមិនទទួលយករូបិយប័ណ្ណជាតិ ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋម្នាក់ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការបដិសេធមិនទទួលយកប្រាក់រៀល ក្នុងការស្នើសេវានោះជាកំហុសរបស់មន្ត្រីទទួលបន្ទុកផ្តល់សេវា។ ដូច្នេះឆ្លើយតបនឹងករណីនេះ លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព ករណីលោកស្រីបដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន។
សូមបញ្ជាក់ថា ការសម្រេចដកមន្រ្តីរូបនេះ បានធ្វើឡើងបន្ទាប់ពីមហាជនបានរិះគន់មន្ត្រីនគរបាលស្រីម្នាក់ធ្វើលិខិតឆ្លងដែនខាងលើថាមិនទទួលយកលុយខ្មែរ។ ការមិនទទួលលុយខ្មែរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ ដែលទៅធ្វើលិខិតឆ្លងដែន បានប្រគល់លុយ ៤០០០០០រៀល តែមន្ត្រីធ្វើលិខិតឆ្លងដែនទារលុយ ៤២០ ០០០រៀល បណ្តាលឱ្យមានការទាស់សម្តីគ្នា ហើយចុងក្រោយសាមីខ្លួនក៏បានបង់ប្រាក់១០០ដុល្លារជំនួសវិញ៕