ការតុបតែងកែ លម្អរ តាមសួនច្បារ ដងផ្លូវ និងទីសាធារណៈនានា ដល់នាទីចុងក្រោយដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖មន្ត្រីរដ្ឋបាលរាជធានីបានឱ្យដឹងថា៖កន្លងមក ដោយមានការណែនាំពី អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ក្នុងផែនការតុបតែងកែ លម្អរ តាមសួនច្បារ ដងផ្លូវ និងទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆាប់ៗនេះ ។
ពាក់ព័ន្ធការងារនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដំណើរការជួសជុលកែលំអរតាមសួនច្បារ និងទីសាធារណៈផ្សេងៗ ឲ្យមានសោភណ្ឌ័ភាពជាពិសេស នៅតាមតំបន់ដែលត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក ណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១.២២ និងថ្ងៃទី២៣ វិច្ឆិការនេះ ។
លោកបានបន្តថា មន្ត្រីជុំនាញគ្រប់ផ្នែក ក្រោមឱវ៉ាត រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកជាខ្លាំងក្នុងផែនការតុបតែងកែលម្អរ មានដូចជា ផ្នែកភ្លើងបំភ្លឺសាធារណៈត្រូវបានជុំរុញការប្លាស់ប្តូរអំពូលភ្លើង និងតម្លើងអំពូលភ្លើងចំរុំណព៌ នៅតាមដើមឈើ សួនច្បារ តាមដងផ្លូវ ជាពិសេសនៅតំបន់ប្រារព្ធពិធីអុំទូកតែម្តង ផ្នែកសួនច្បារលាបកំបោរតាមគល់ឈើ លាបថ្នាំតាមការ៉ូឡា និងប័រឌារតាមចិញ្ចើមសួនច្បារ និងដាក់ពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ ដើម្បីត្រៀមទទួលស្វាគមន៏ ប្រជាពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ។
លោកសាំ ពិសិដ្ឋ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាន តម្លើងរបារកាត់ទទឹងផ្លូវរួចហើយដើម្បី អបអរសាទរបុណ្យអុំទូក ដែលត្រូវដាក់ចំនួន៤ទីតាំង គឺទី១.ដាក់នៅមហាវិថីព្រះនរោត្តមខាងជើងជាប់រង្វង់មូលវិមានឯករាជ្យ ទី២.ដាក់មហាវិថីព្រះនរោត្តមមុខនាឡិការរមណីដ្ឋានវត្តភ្នំ ទី៣.ដាក់នៅតិរវិថីព្រះស៊ីសុវត្ថិមុខព្រះគន្លង់ និងទី៤.ដាក់នៅមហាវិថីព្រះសីហនុខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត ។
លោក បន្តថា ការងារទាំងនេះ នឹងរួចរាល់នៅមុនថ្ងៃទី១៨ខែវិច្ឆិកានេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរឡើង ។
ចំណែកមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកតុបតែង និងចងទង់ជាតិ ឬទង់ជ្វាលា បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររបស់លោក បានដាក់បង្គោល និងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រធំៗ នៅមាត់ទន្លេមុខព្រះបរមរាជវាំង មានចំនួន៧៥ ។
លោក បញ្ជាក់ថា ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ដែលដាក់សម្រាប់ថ្ងៃអុំទូកនេះ គឺថ្ងៃធម្មតា ដាក់ទង់ជាតិតំណាងប្រទេស និងទង់បណ្តារអង្គការសហប្រជាជាតិនានា នៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង ប៉ុន្តែសម្រាប់ថ្ងៃបុណ្យអុំទូកត្រូវបានទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រវិញ ៕