ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារស្តង់ដា «មរតកតេជោសែនឌីជីថល» នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ សម្រេចការសាងសង់បានប្រមាណ៧០%ហើយ

38

ពោធិ៍សាត់៖ដំណើរការនៃការសាងសង់អគារស្តង់ដា «មរតកតេជោសែនឌីជីថល» ដែលមាន កម្ពស់ ៥ជាន់ ក្នុងវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណ៧០ភាគរយហើយ ដោយគម្រោងនេះគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ ឱ្យបានរួចរាល់ នៅចុងឆ្នាំ២០២៤ខាងមុខនេះ។ 

បើតាមលោក ង៉ែត តាត នាយកវិទ្យាស្ថានបច្ចេកទេស ខេត្តពោធិ៍សាត់បានឱ្យដឹងថា «អគារមរតកតេជោសែនឌីជីថល» មានទំហំ៤៨ម៉ែត្រx៤៨ម៉ែត្រ កម្ពស់២៤,៥ ម៉ែត្រ ស្មើនឹង ៥ជាន់ បែងចែកជា៧៨បន្ទប់ ក្នុ ង នោះ បន្ទប់ សិក្សា ២០បន្ទប់, បន្ទប់ពិសោធន៍ធំ១១បន្ទប់, បន្ទប់ពិសោធន៍តូច១០បន្ទប់, បន្ទប់ កុំព្យូទ័រ៣បន្ទប់, សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់, បន្ទប់MOP៤បន្ទប់,  បន្ទប់ MEP៤បន្ទប់ និងឃ្លាំង៤បន្ទប់បន្ថែមទៀត។

លោកនាយកវិទ្យាស្ថានបន្តថា អគារនេះនឹងបំពាក់នូវសម្ភារៈសិក្សា ម៉ាស៊ីន ឬឧបករណ៍ពិសោធន៍ដ៏ទំនើប និងទាន់សម័យ ដែលនឹង ជួយ បង្កើន សមត្ថភាពសិស្ស និស្សិត ក្នុងការបណ្តុះ បណ្តាល ធន ធាន មនុស្ស ក្នុងមួយឆ្នាំ បាន ប្រមាណ១,៥០០នាក់ ខណៈដែរបច្ចុប្បន្ន វិទ្យាស្ថាន មាន លទ្ធភាព បណ្តុះ បណ្តាល សិស្ស បានត្រឹមតែ៥០០នាក់ ក្នុង១ឆ្នាំប៉ុណ្ណោះ។

លោក ង៉ែត តាត បានគូសបញ្ជាក់ថា «អគារមរតកតេជោឌីជីថល»នេះ ជាការដូររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជូន ប្រជាពលរដ្ឋ ក្នុង ខេត្ត ពោធិ៍សាត់ ជាពិសេសគឺយុវជន យុវនារី ដែលមានបំណងចង់ចូលរៀនវគ្គជំនាញបច្ចេកទេសផ្សេងៗ ចាប់ពីវិញ្ញាបនបត្រ(វគ្គខ្លី) រហូត ដល់ កម្រិត បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះក៏ជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្តផងដែរ។

លោកនាយកវិទ្យាស្ថានបច្ចេកទេស ខេត្តពោធិ៍សាត់ បានបន្ថែមថា «អគារមរតកតេជោសែនឌីជីថល» ក៏នឹងចូលរួម ចំណែក ជួយឱ្យខេត្តពោធិ៍សាត់ អាចសម្រេចបានតាមផែនការ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ទៅដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ តាម កម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា វិទ្យា ស្ថាន ពហុបច្ចេកទេស ខេត្តពោធិ៍សាត់ គឺមានផែនការបណ្តុះបណ្តាល សិស្ស និស្សិត ក៏ដូចជាយុវជន យុវនារី ចំនួន១២,៣៣០នាក់ ក្នុង រយៈពេល ៥ឆ្នាំខាងមុខ។ ផែនការនេះ គឺស្រប ពេល ដែល ក្រុម ហ៊ុនមីនីបៀ – Minebea របស់ជប៉ុន គ្រោងនឹងពង្រីកការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង