ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីថា អាមេរិកគឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់គ្រីមៀ

139

មូស្គូ៖ រុស្ស៉ី បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ ដោយសារតែអ៊ុយក្រែន បានប្រើប្រាស់មីស៉ីល ៥គ្រាប់ផ្គត់ផ្គង់ពីអាមេរិក សម្រាប់ការវាយប្រហារនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា ការវាយប្រហារលើតំបន់គ្រីមៀ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាង ១៥១នាក់។ មីស៉ីល ATACMS ចំនួន ៤គ្រាប់ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ អ៊ុយក្រែន ដោយមានបំពាក់ក្បាលគ្រាប់បែកចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ហើយគ្រាប់ទី ៥បានផ្ទុះនៅលើអាកាស។ បំណែកនៃមីស៉ីល បានធ្លាក់ក្បែរឆ្នេរមួយ នៅភាគខាងជើងនៃទីក្រុង Sevastopol ខណៈដែលមនុស្សម្នាកំពុងសម្រាកលំហែកាយ។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ថា «ទំនួលខុសត្រូវចំពោះការវាយប្រហារដោយមីស៉ីល ដោយចេតនាលើជនស៉ីវិល ក្នុងទីក្រុង Sevastopol តំបន់គ្រីមៀ គឺលើសពីឱ្យទីក្រុងវ៉ាស៉ីនតោន ទទួលទៅទៀត ដោយសារតែមីស៉ីលទាំងនោះត្រូវបានផ្គត់ផ្គង់ទៅអ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់ដោយរបបទីក្រុងកៀវ ចេញពីទឹកដីរបស់ខ្លួន»។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៉ីល ATACMS ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ។ គ្រីមៀ ដែលរុស្ស៉ីបានកាត់បញ្ចូល ឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤៕

អត្ថបទដែលជាប់ទាក់ទង