ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវចំនួន១០ចំណុច ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីអុំទូក

63

ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីអុំទូក អកអំបុកអក បណ្ដែតប្រទីបនិងសំពះព្រះខែ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវចំនួន១០ចំណុច។

ស្តេចក្រឡាហោម សខេង បានមានប្រសាសន៍ថា ” ក្នុងនាមខ្ញុំជាប្រធាន​ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមថ្លែងនូវការកោត​សរសើរប្រកប​ដោយ​សេចក្តី​ មោទនភាពជាទីបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់​ដែលមានឆន្ទៈក្នុងការចូលរួមគោរពនិងអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍​រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិតរងគ្រោះនិងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ”។

ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខនិងយូរអង្វែងដែលអាចកើតឡើងភ្លាមភ្លាមក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែសរឺខ្ជិលជាមិនគោរពច្បាប់។
គួរកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨​នេះ មានអ្នកជិះទោចក្រយានយន្ត​ចំនួន​៨១% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ហើយក្នុងចំណោមជនរងគ្រោះទាំង​នោះមាន៧៧ %0ដែលមិនបានពាក់មួកសុត្ថិភាពក្នុងពេលគ្រោះថ្នាក់ចរាចរណ៍។

ដូច្នេះ​ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែដែល​នឹងប្រព្រឹត្តទៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះយានយន្តធ្វើចរាចរនឹងមានកំណើនកើនឡើងខ្ពស់ខុសពីប្រក្រតីដែលអាចមានគ្រោះថ្នាក់ចរាចរណ៍ឬការកកស្ទះចរាចរណ៍​ ដូចក្នុងពិធីបុណ្យ​នានាកន្លងទៅផងដែរ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីអុំទូក អកអំបុកអក បណ្ដែតប្រទីបនិងសំពះព្រះខែ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ​គោកសូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចខាងក្រោមៈ

១.ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត

២. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត

៣.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត

៤.ត្រូវគោរពសិទ្ធិអាទិភាពរូបសញ្ញាចរាចរនិងប្រកាន់ស្តាំជានិច្ច

៥.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត

៦.មិនត្រូវបត់ ឬវ៉ាជែងក្នុងភាព​ប្រថុយ​ប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍​សម្លេងភ្ជាប់ទំនាក់ទំនង

៧.ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។

៨.សូមកុំទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬអ្នកលើ​ដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

៩.មិនត្រូវបើកបរក្នុងស្ថានភាពមួយដែលជាដាច់ខាត។

១០.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យប់យល់អធ្យាស្រ័យ​។

គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់​លើអ្នកប្រើប្រាស់ ផ្លូវគ្រប់រូបនិងចូលរួមគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង