គណបក្សស្ដាំនិយមជ្រុល ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភាបារាំងជុំទី១
ប៉ារីស៖គណបក្ស National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី១ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ប៉ុន្តែលទ្ធផលចុងក្រោយ នឹងអាស្រ័យលើការចរចាខាងនយោបាយក្នុងពេលប៉ុន្មានថ្ងៃនេះ មុនចូលដល់ការបោះឆ្នោតជុំទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។
បើតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយស្ថាប័ន Ipsos, Ifop, OpinionWay និង Elabe គណបក្ស RN ទទួលបានសំឡេងគាំទ្រ ៣៤ភាគរយនៃសន្លឹកឆ្នោតសរុប ហើយដែលជ័យជម្នះនេះ គឺជាបរាជ័យមួយសម្រាប់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ក្រោយគណបក្សរបស់លោកចាញ់ក្រោមថ្វីដៃ គណបក្សស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមិថុនាកន្លងទៅ។ លទ្ធផលបោះឆ្នោតដដែល បានបង្ហាញដែរថាគណបក្ស RN បាននាំមុខក្រុមគណបក្សអ្នកឆ្វេងនិយម និងកណ្ដាលនិយម ក្នុងរួមទាំងសម្ព័ន្ធ Together alliance របស់លោក ម៉ាក្រុង ដែលទទួលបានសំឡេងគាំទ្រពី ២០.៥ ដល់២៣ភាគរយ ខណៈសម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) ទទួលបានសំឡេងគាំទ្រ ២៩ភាគរយ។
គួរបញ្ជាក់ថា ការបោះឆ្នោតសភាបារាំងជុំទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដាខាងមុខ ហើយបើតាមការស្ទង់មតិរបស់ទូរទស្សន៍បារាំង BFM TV គណបក្ស RN របស់លោកស្រី ម៉ារីន ឡឺប៉ែន អាចនឹងឈ្នះអាសនៈចំនួន ២៦០ នៃអាសនៈសភាសរុប ៣១០ ស្របពេល Ipsos ព្យាករថាគណបក្សស្ដាំនិយមជ្រុលនេះនឹងទទួលបានអាសនៈចន្លោះពី ២៣០ ដល់២៨០អាសនៈ៕