ប្រេវ៉ាឡង់ នៃអ្នកជំងឺទឹកនោមផ្អែម នៅកម្ពុជា នៅទាបជាងបណ្តាបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍
សៀមរាប៖ យោងតាមអង្គការសុខភាពពិភពលោក បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ជំងឺទឹកនោមផ្អែមនឹងក្លាយជាមូលហេតុទី៧ នៃមរណភាពនៅលើពិភពលោក ខណៈបច្ចុប្បន្នមនុស្សជាង៤២៥លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម។ សម្រាប់នៅកម្ពុជា អត្រានៃជំងឺទឹកនោមផ្អែម នៅទាបជាងបណ្តាបណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍នៅឡើយ ប៉ុន្តែកម្ពុជា មានប្រេវ៉ាឡង់ នៃអ្នកជំងឺទឹកនោមផ្អែម ស្ថិតនៅវ័យចន្លោះពី២០ឆ្នាំ ទៅ៣០ឆ្នាំ ខ្ពស់ជាងបណ្តាផ្សេងៗទៀត។
ទិវាទឹកនោមផ្អែមពិភពលោក ធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ខែវិច្ឆិកា ប៉ុន្តែសម្រាប់កម្ពុជា នៅឆ្នាំ២០១៨នេះ ធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីលានមុខប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ដែលមានការដង្ហែរក្បួន និងកាន់បដារំលេច សារ អប់រំខ្លី ពីសំណាក់សិក្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៨០០នាក់។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងលើកកម្ពស់តួនាទីរបស់គ្រួសារក្នុងការថែទាំ ការពារ និងការអប់រំ ទាក់ទងជំងឺទឹកនោមផ្អែម ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា សហការជាមួយសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានរៀបចំទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ”គ្រួសារ និងទឹកនោមផ្អែម”។
លោកសាស្រ្តាចារ្យ លឹម កើកគី ប្រធានសមាគមជំងឺទឹកនោមផ្អែមកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅខេត្តសៀមរាប មានអ្នកជំងឺទឹកនោមផ្អែម ជាមធ្យមប្រហែល៤.០០០នាក់ បានមកពិនិត្យព្យាបាល នៅសមាគមជំងឺទឹកនោមផ្អែម សាខាខេត្តសៀមរាប ក្នុងនោះអ្នកជំងឺប្រមាណ២.០០០នាក់ប៉ុណ្ណោះ បានមកទទួលសេវាព្យាបាលជាប្រចាំ។
លោកសាស្រ្តាចារ្យបានបន្តថា ភាគច្រើននៃអ្នកកើតជំងឺទឹកនោមផ្អែម គឺជាជំងឺប្រភេទទី២ ដែលជាប្រភេទ អាចការពារបានយ៉ាងច្រើន តាមរយៈសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់ ការបរិភោគអាហារ ដែលមានតុល្យភាព និងកាលើកកម្ពស់ជីវភាពរស់នៅ ប្រកបដោយផាសុកភាព។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែម មិនអាចព្យាបាលបានជាសះស្បើយទេ ប៉ុន្តែអ្នកជំងឺមិនស្លាប់ ដោយសារជំងឺទឹកនោមផ្អែមឡើយ បើពួកគេគោរពតាមបទបញ្ជារបស់គ្រូពេទ្យ។ លោកសាស្រ្តាចារ្យរំពឹងថា ការយល់ដឹងទាក់ទង នឹងជំងឺទឹកនោមផ្អែម របស់ប្រជាពលរដ្ឋ និងកាត់បន្ថយបានអត្រា នៃអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជា។
សូមបញ្ជាក់ថា មូលហេតុចម្បងសំខាន់បួនយ៉ាង សម្រាប់សម្គាល់ជំងឺទឹកនោមផ្អែម គឺនោមច្រើន ស្រេកទឹក ចុះស្គម អស់កម្លាំង ហើយដែលកាន់តែច្បាស់បញ្ជក់ថា អ្នកមានជំងឺទឹកនោម គឺទឹកនោមស្រមោចរោម៕