ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តី​ប្រមឹក​ម្នាក់​ ផឹកស៊ីស្រវឹង មកដល់ផ្ទះត្រូវប្រពន្ធស្តីបន្ទោស វាយ​ប្រពន្ធ​បាក់​ក​ស្លាប់​ ហើយត្រូវចាប់ខ្លួន បញ្ជូន​ទៅ​តុលាការ​

65


បន្ទាយ​មាន​ជ័យ​៖​ ប្តី​ប្រមឹក​ម្នាក់ បាន​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហឹ​ង្សា​ ​វាយ​ប្រពន្ធ​របស់​ខ្លួន ​រហូត​សន្លប់​ស្តូកស្តឹង​ ព្រោះតែ​ទំនាស់​ពាក្យ​សម្តី​ខឹង​ប្រពន្ធ​ស្តីបន្ទោសរឿង​បុរស​ជា​ប្តី​ដើរ​ផឹកស៊ី​ស្រវឹងរាល់ថ្ងៃ​។ ក្រោយ​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​ហើយបាន​ស្លាប់ ​នៅ​មន្ទីរពេទ្យ ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ​​។ ចំណែកជនដៃដល់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាមៗ​ ដែលហេតុការណ៍​នេះ​ត្រូវ​បាន​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​គីឡូម៉ែត្រ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ប៉ុ​ស្តី​ផ្សារ​កណ្តាល​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ជា​ប្តី ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ ចក​ ឆក​ អាយុ​៤០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ ជា​កម្មករ​។​ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ ឈឿ​ន​ ហៃ​ អាយុ​៣៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបងជា​ស្រី្ត​មេផ្ទះ​។​ បច្ចុប្បន្ន​២​នាក់​ប្តី​ប្រពន្ធ​នេះ ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ លោក​ ប្រឹ​ម​ សុផល​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ចក​ ឆក​ ត្រូវ​បាន​កម្លាំង​នគរបាល​យើង​ឃាត់ខ្លួន​ភ្លាមៗ ​ក្រោយ​ពី​បាន​ប្រើ​អំពើ​ ហឹ​ង្សា​វាយដំ​ប្រពន្ធ​របស់​ខ្លួន​ រហូត​ដល់​សន្លប់​បាត់ស្មារតី​ ក្រោយមក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​អ្នកស្រុក​ប្រជា​ការពារ​ និង​កម្លាំង​នគរបាល ​ចុះ​អន្តរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​ តែ​អកុសល់​ស្ត្រី​រង​គ្រោះ​ ក៏​ដាច់ខ្យល់​នៅ​មន្ទីរពេទ្យ​​។​

​លោក​ បានបន្ត​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ​ ជនសង្ស័យ​ បាន​សារភាព​ថា​ មុខ​ពេល​កើតហេតុ​ រូបគេ​នឹង​អ្នក​ជិតខាង​បាន​ផឹកស្រា​ជាមួយ​គ្នា​តាំងពី​ព្រឹក​ លុះ​ស្រវឹង​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​មក​ឮ​ប្រពន្ធ​ស្តីបន្ទោស​ និង​បាន​ជេរ​កូន​ ពេល​នេះ ​ជនសង្ស័យ​គិត​ថា​ប្រពន្ធ​ជេរ​ឌឺ​ខ្លួន ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ ​និង​បាន​ទាត់​ប្រពន្ធ​ ពេល​កំពុង​បំបៅ​ដោះ​កូន​ ចំនួន​៣​ជើង ​និង​ទះ​១​កំផ្លៀង​កណ្តាល​មុខ​ បណ្តាល​ឲ្យ​ប្រពន្ធ​ដួល​សន្លប់​ និង​បាន​ទៅ​បិទទ្វា​មិន​ឲ្យ​នរណា​ចេញចូល​ ហើយ​បាន​កោសខ្យល់​និង​ធ្វើ​ចលនា​ឲ្យ​ប្រពន្ធ​ដឹងខ្លួន​វិញ​ ដោយ​មិនឃើញ​ប្រពន្ធ​ងើប​វិញ​ ក៏​រត់​ទៅ​ហៅ​អ្នកស្រុក​មក​ជួយ ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ឲ្យ​ដឹង​តែ​ស្រវឹងម្តងៗ ជនដៃដល់ ​​តែងតែ​ មាន​ទំនាស់​ពាក្យ​សម្តី​និង​វាយដំ​លើ​ប្រពន្ធ​កូន​ជា​ញឹកញាប់​ លើក​ចុង​ក្រោយ​នេះ​ បែប​ជ្រុលដៃ​ ទើប​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់។​

លោក​ ធិ​ន​ ស៊ិ​ន​ដេ​ត​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​ ​ក្រោយ​កើតហេតុ​ ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ យក​មក​សួរនាំ​ នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ និងបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ផ្តន្ទាទោស​តាម​នី​តិ​វិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង