បង្ហាញមុខក្រុមឃាតករកាប់សម្លាប់ មុខសញ្ញាកាច់កម៉ូតូ និងក្លែងបន្លំឯកសណ្ឋាននគរបាល ចំនួន៦នាក់ ហើយត្រូវបញ្ជូនទៅតុលាការ
ព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យចំនួន៦នាក់ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឃាតករកាប់សម្លាប់ មុខសញ្ញាកាច់កម៉ូតូ និងក្លែងបន្លំឯកសណ្ឋាននគរបាល ប្រើប្រាស់អាវុធខុសច្បាប់ ដោយឡែកៗពីគ្នា នៅរសៀលថ្ងៃទី១៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នេះ ។
ករណីទី១-ជនសង្ស័យ៣នាក់ បានប្រើអំពើហិង្សា បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ ពេលមានជម្លោះក្នុងពេលផឹកស៊ី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣និង២០នាទី នៅចូលទៅផ្លូវកោះព្រាប (ក្បែរនគរបាលព្រំដែនទឹក)។
ជនសង្ស័យទី១.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកូនដៃទូកអូរប័រ ក្រុមហ៊ុន ស៊ីស៊ីប្លូស៊ី ស្នាក់នៅលើអូរប័រ, ទី២.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកូនដៃ ទូកអរប័រ ស៊ីស៊ីប្ល៊ូស៊ី ស្នាក់នៅលើអូរប័រ, និងទី៣.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កូនដៃទូកអូរប័រ ស៊ីស៊ីប្ល៊ូស៊ី ស្នាក់នៅលើអូរប័រ។
ចំណែកជនរងគ្រោះឈ្មោះស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកអូរប័រ ក្រុមហ៊ុនចិន ស្នាក់នៅលើរប័រ ស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង បានបញ្ជាក់ថា៖រឿងហេតុ ដំបូងជនសង្ស័យទាំង៣នាក់ខាងលើនិង ជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅចិញ្ចើមផ្លូវលើទំនប់រលក ផ្លូវទៅកោះព្រាប ពេលដែលជនរងគ្រោះស្រវឹងជោគជាំ បានទាស់ពាក្យសម្ដីគ្នាហើយក៏វាយតប់គ្នាតែម្តង បណ្ដាលអោយឈ្មោះ ស៊ុន វិច្ឆិកា (សព) ធ្លាក់ពីលើផ្លូវ បុកថ្ម បែកក្បាល បាក់កស្លាប់តែម្ដង។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម នគរបាលមូលដ្ឋាន បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ក្នុងយប់នោះតែម្ដង។
ករណីទី២-ក្រុមចោរលួចកាច់សោរយកម៉ូតូនិងប្រើប្រាស់អាវុធខុសច្បាប់ ក្លែងបន្លំប្រើប្រាស់ ឯកសណ្ឋាននគរបាលជាតិ។ ក្រុមនេះមានគ្នា ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់នៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកវាលួចបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម២០១៨ ពីក្រុងព្រះសីហនុ ហើយជិះគេចតាមផ្លូវ ស្រុកស្ទឹងហាវ សំដៅទៅផ្លូវជាតិលេខ៤ បម្រុងទៅភ្នំពេញ។ លុះមកដល់ចំណុចស្ពានទី៦ ក្នុងឃុំសំរុង ស្រុកព្រៃនប់ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។
ជនសង្ស័យទី១.ឈ្មោះចាន់ ពិសិដ្ឋ ឬសែម ចន្ធូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន ក្រុមហ៊ុនLucky មានទីលំនៅភូមិ២០ឧសភា ឃុំស្វាយប៉ោ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង, ទី២.ឈ្មោះឈឺន ពេជ្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រែកតាទាន់ ឃុំព្រែកតាស្តេច ស្រុកស្វាយប៉ោខេត្តបាត់ដំបង។
ក្រោយពេលសាកសួរ សមត្ថកិច្ចបានទៅចាប់ខ្លួនគ្នាវាម្នាក់ទៀតឈ្មោះគឹម សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដក្លែងឯកសណ្ឋាននគរបាលជាតិ និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់។
វត្ថុតាងដកហូតៈអាវុធខ្លីម៉ាក រ៉ូឡូមួយដើម មានគ្រាប់២ វិទ្យុទាក់ទងមួយគ្រឿង ប្រដាប់កាច់កម៉ូតូមួយចំនួន និងអាវឯកសណ្ឋាននគរបាលជាតិមួយ និងម៉ូតូជាផលនៃ អំពើលួចចំនួន២គ្រឿង។
ជនសង្ស័យទាំងពីរ ក្រុមខាងលើសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការតាមច្បាប់៕