ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការរង UN កោតសរសើរភាពជោគជ័យរបស់កម្ពុជា ដែលប្រែក្លាយពីប្រទេសទទួលកម្លាំងពីអង្គការ UN មកជាប្រទេសបញ្ជូនកម្លាំង ចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាព

34

ភ្នំពេញ៖លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) បានកោតសរសើរ ចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្ម នៅក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។

ការកើតសរសើរបែបនេះ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះដំណើរអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់លោក Jean-Pierre Lacroix។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់ លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អសប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង១២បេសកកម្ម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមានសាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។

ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ ដោយនាយឧត្តមសេនីយ៍ ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។

លោក Jean-Pierre Lacroix បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងក្រុមការងារ។ នេះមិនមែនជាលើកទី១ឡើយ ដែលលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ មានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ហើយបន្ទាប់ពីជំនួបនីមួយៗ តែងតែទទួលបានផ្លែផ្កាល្អ ក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា។

លោកបានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះកម្ពុជា ដែលបានបរិច្ចាគកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អសប ជាពិសេស ក៏បានឃើញពីការចូលរួម មិនត្រឹមតែពីសំណាក់បុរសទេ គឺពីសំណាក់យោធិននារី ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេសមួយចំនួនផងដែរ។

លោក Jean-Pierre Lacroix បានបន្ថែមថា ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺមិនងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង