ឪពុកចុងចាប់រំលោភកូនស្រី អាយុ៥ឆ្នាំ បានសម្រេចជាច្រើនលើក ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួន
ភ្នំពេញ ៖ ឪពុកចុង ចាប់រំលោភកូនស្រី បានសម្រេចជាច្រើនដង
ត្រូវនគរបាលចាប់ខ្លួន យោងតាមពាក្យប្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ គ.ច.ណ អាយុទើបតែ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ និង ម្ដាយឈ្មោះ សូ ម៉ាណែត អាយុ៣៨ឆ្នាំ មុខរបរកម្មករ និងជនសង្ស័យជាឪពុកចុងឈ្មោះ ឯក វ៉ាន់ដូច ហៅរ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មករ។
លោកអធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា មុនឈានដល់ការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីជាប្រពន្ធ និងជាម្ដាយ តាមរយៈកូនស្រីដែលរងគ្រោះ បានខ្សឹបប្រាប់ ថា ឪពុកចុងរបស់នាង បានបង្ខំរំលោភសេពសន្ថវៈលើរូបរាងកាយនាង បានសម្រេចជាច្រើនដងមកហើយនាពេលកន្លងមក។
លោកអធិការខណ្ឌឬស្សីកែវ បានបន្តថា ក្រោយពីឃាត់ខ្លួនបុរសជាប្ដី និងជាឪពុកចុង ដើម្បីយកមកធ្វើការសួនាំ ជាច្រើនម៉ោង រូបគេបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា មិនបានចាំថ្ងៃណានោះទេ ក្នុងអំឡុងខែ៧ ឆ្នាំ២០១៨នេះ គេបានរំលោភលើកូនស្រីចុងរបស់ខ្លួន នៅខាងលើផ្ទះក្នុងបន្ទប់ដេក បានសម្រេចម្តង។ ក្រោយមកទៀត ក៏ពុំបានចាំថ្ងៃខែនោះដែរ រូបគេបានព្យាយាមរំលោភសេពសន្ថវៈម្ដងហើយ ម្ដងទៀត លើរូបរាងកាយកូនស្រីចុង ដែលមានវ័យទើបតែ៥ឆ្នាំនេះ បានសម្រេចរហូតដល់៣ ទៅ៤ដងបន្តទៀត ទើបបណ្ដាលឲ្យក្មេងស្រីរងគ្រោះទ្រាំពុំបាន និងទង្វើរបែបនេះ ក៏សម្រេចចិត្តទម្លាយរឿងទាំងអស់ប្រាប់ឲ្យ ម្ដាយបានដឹង និងឈានដល់ការដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលឲ្យឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក អធិការខណ្ឌឬស្សីកែវ បច្ចុប្បន្ននេះជនសង្ស័យដែលឃាត់ខ្លួន ក្នុងអំពើរំលោភ លើកូនស្រីចុងរបស់ខ្លួន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី៕