ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជា
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubei Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគ ក្នុងវិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា កិច្ចប្រជុំនាថ្ងៃនេះ ផ្តោតជាសំខាន់លើប្រធានបទមួយចំនួន មានជាអាទិ៍៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហាប្រឈមនិងសក្តានុពល ក្នុងការវិនិយោគ ក្នុងវិស័យកសិកម្ម ២. លទ្ធភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប (Crawfish) ក្នុងដីស្រែ ដើម្បីបង្កើតនិងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារ នៅតាមជនបទ ៣. ការរៀបចំ និងចងក្រងកសិកម្ម តាមកិច្ចសន្យាក្នុងការចិញ្ចឹមបង្កង ជាមួយប្រជាកសិករ និងការផ្ដល់បច្ចេកទេស ពូជ និងទីផ្សារជូនពួកគាត់ ៤. ការរៀបចំក្រុមការងារជំនាញទ្វេភាគី ដើម្បីសិក្សា ស្រាវជ្រាវឲ្យបានសម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ធភាព នៃការអនុវត្តគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា៕