រដ្ឋបាលរាជធានីភ្នំពេញរៀបចំការប្រណាំងទូកសាកល្បងសមកំលាំងមុននឹងឈានទៅប្រកួតថ្នាក់ជាតិ
ភ្នំពេញ៖ ទូកអុំ និងទូកចែវ របស់រាជធានីភ្នំពេញចំនួន៤៦ទូកបានមកជួបជុំគ្នានៅតាមដងទន្លេសាប មុខវត្តឧណ្ណាឡោម កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ដើម្បីដំណើការអុំប្រណាំងសាកល្បងសមកំលាំងកំរិតរាជធានីភ្នំពេញមុននឹងឈានទៅប្រកួតថ្នាក់រយៈពេល៣ថ្ងៃគឺថ្ងៃទី២១ ទី២២ និងថ្ងៃទី២៣ វិច្ឆិកានៅមុខព្រះបរមរាវាំងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាប្រពៃណី។
មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញតែងបានរៀបចំការប្រណាំងទូកសាកល្បងបែបនេះជារៀងរាល់ឆ្នាំ នៅមុនពិធីបុណ្យអុំទូកមកដល់ដើម្បីដកស្រង់បទពិសោធន៏ និងស្ទាប់ស្ទង់កំលាំងចំណុះទូកក្រោយពីបានធ្វើការហ្វឹកហាត់ជាច្រើនថ្ងៃរួចមកនោះ។
គួបញ្ជាក់ថា ទូក ង ទូកចែវ ទូកខ្នាតអន្តរជាតិ របស់រាជធានីភ្នំពេញដែលត្រូវចូលរួមប្រណាំងឆ្នាំ២០១៨នេះមានចំនួន៤៦ទូក មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ក្នុងនោះទូកអុំបុរសមាន៣២ទូក,ទូកចែវបុរស៤ទូក,ទូកខ្នាតអន្តរជាតិ១០ទូក មានកីឡាករ កីឡាការនីសរុបចំនួន៣២៣៤នាក់នៅពេលចំនួនទូកទាំង២៥ខេត្តក្រុងចូលរួមប្រណាំងចំនួន២៩៨ទូក លើសពីឆ្នាំ២០១៧ ដែលមានត្រឹមតែ២៧០ទូក។ ក្រៅពីមានទូកចូលរួមប្រណាំង រដ្ឋបាលរាជធានីភ្នំពេញក៏មានប្រទីបមួយគ្រឿង ក្នុងចំណោមប្រទីបទាំង១៥ ដើម្បីបង្ហាញទស្សនិកជន បានទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ។
ក្រោយបញ្ចប់ដំណើការអុំប្រណាំងសាកល្បងសមកំលាំងកំរិតរាជធានីនេះ ទូកដែលទទួលបានវំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក៏បានទទួលអំណោយពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញផងដែរ។
ទឹកមុខញញឹមស្រស់ស្រាយរបស់ប្រជាពលរដ្ឋយើងចេញពីបេះដូង បានបង្ហាញយ៉ាងច្បាស់ពីភាពសុខដមរមនាក្នុងសង្គមដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៏,ការរីកចំរើនលើវិស័យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕