ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកកុំមានការងឿងឆ្ងល់ និងព្រួយបារម្ភ ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា

122


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅចំពោះមុខ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេ មិនថាប្រទេសណានោះឡើយ ហើយសហរដ្ឋអាមេរិកកុំ មានការងឿងឆ្ងល់ និងព្រួយបារម្ភ ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។

នៅព្រឹកថ្ងៃអង្គារទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឲ្យ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែល ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ចូលជួបសំណេះសំណាល និងជំរាបលា ដែលបានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក William A. Heidt បានជម្រាបថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី បានដែលបានអនុញ្ញាតឲ្យរូបលោក ចូលជួបសំដែងការគួរសម និងជម្រាបលា នាពេលនេះ។ លោក William បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលបំពេញបេសកកម្មជា ឯអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំនេះ បានខិតខំជំរុញធ្វើយ៉ាងណាពង្រឹង កិច្ចប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ហើយមានចំណុចពិសេសជាច្រើនដែល សម្តេតេជោនាយករដ្ឋមន្ត្រី និងលោក អគ្គរដ្ឋទូតបានឯកភាពគ្នា និងបានធ្វើកិច្ចការរួមគ្នា ជាច្រើនផងដែរ។ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កេតឃើញពីការរីកចម្រើនជាពិសេស លើវិស័យមួយចំនួននៅប្រទេសកម្ពុជា ដូចជាវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច និងការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ ។

លោកឯកអគ្គរដ្ឋទូតអាមេរិក មានប្រសាសន៍ថា ទោះបីកន្លង មកមានការអាក់ខាន ក៏ប៉ុន្តែយើងបានប្រាស្រ័យ ទាក់ទងគ្នាល្អប្រសើរឡើងវិញ នូវការស្វែងរក MIA និងការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ពីសហរដ្ឋអាមេរិក មកកាន់ទឹកដីរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេ មិនថាប្រទេសណានោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ចំណុចនេះ ទៅកាន់លោកអគ្គរដ្ឋទូត កុំឲ្យសហរដ្ឋអាមេរិក មានការងឿងឆ្ងល់និងព្រួយបារម្ភ ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកកម្ពុជា ក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក, ចិន ,ឥណ្ឌា,ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីក៏សាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការសន្ទនា រវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នា ក្នុងការរក្សានូវទំនាក់ទំនងគ្នា ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ តែយើងមិនអនុញ្ញាត ឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ក៏បានរលឹក ពីអតីតកាល ដែលមានកងទ័ពមួយខៀវ មកលើទឹកដីកម្ពុជា ដែលបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ការចម្លងមេរោគ HIV នៅលើកទឹកដីកម្ពុជាជាដើម។

សម្តេតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាចាប់អារម្មណ៍គឺកម្ពុជាចង់ឲ្យប្រទេស ដែលចូលរួមក្នុងការកសាងអភិវឌ្ឍន៍កម្ពុជា មានគម្រោងចូលរួមផ្សេងៗដូចជាការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម។ លោកឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ដែរថាក្នុងរយៈពេល ៣ ឆ្នាំដែលលោកបានបំពេញការងារកន្លងមក នៅកម្ពុជាលោកបានរៀនសូត្រជាច្រើន និងបានឃើញពីការរីកចម្រើនរបស់កម្ពុជា កន្លងមក លោកឯអគ្គរដ្ឋទូត ក៏បានខិតខំធ្វើយ៉ាងណាជំរុញឲ្យទីក្រុង Washington យល់អំពីកម្ពុជាឲ្យបានច្រើន។ តែទោះបីយ៉ាងណាក៏ដោយ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក មកដល់ពេលនេះ កាន់តែប្រសើរឡើងជាច្រើន រវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយប្រទេស ទាំងឡាយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនោះផងដែរ ពាក់ព័ន្ធជាមួយនឹងក្តីកង្វល់ របស់សហរដ្ឋអាមេរិក ចំពោះវត្តមានមូលដ្ឋានទ័ពបរទេស នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្ញើលិខិតមួយច្បាប់ រួចរាល់ហើយទៅកាន់ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថា គ្មានមូលដ្ឋានទ័ពបរទេស នៅលើកទឹកដីកម្ពុជានោះឡើយ។

នៅក្នុងជំនួបនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចស្វាគមន៍រាល់ការវិនិយោគ ពីបណ្ដាប្រទេសទាំងអស់ មិនថាប្រទេសចិន, ជប៉ុន ឬ សហរដ្ឋអាមេរិក ជាដើម អាចមកធ្វើការ វិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្ដេចមិនអនុញ្ញាតឲ្យមានឥទ្ធិពលបរទេស នៅលើទឹកដីរបស់កម្ពុជាឡើយ។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការ U.S. Embassy Phnom Penh, Cambodia បានលើកឡើងថា នៅក្នុងពេលជួប និងជំរាបលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ២០ វិច្ឆិកា​នេះ លោកឯកអគ្គរដ្ឋទូត Heidt បានអរគុណលោក​នាយករដ្ឋមន្រ្តី ចំពោះការដឹកនាំ​ របស់​លោកក្នុងការជំរុញបន្ថែម ​​នូវទំនាក់ទំនងប្រកបដោយផ្លែផ្កា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងក្នុងការធ្វើឲ្យ​មានស្ថាន​ភាពសម្រាប់ ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច ដ៏ឆាប់រហ័ស នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានកត់សម្គាល់ថា លោកមានការ​លើកទឹកចិត្ត ដោយសារជំហាន​វិជ្ជមាន ក្នុងពេលថ្មីៗ​នេះ ដែលរួម​មានការ​បន្តឡើងវិញ ​នូវកិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹងឈ្លើយសឹក និងយុទ្ធជនបាត់​ខ្លួនអាមេរិក ហើយបានលើកទឹកចិត្ត​ឲ្យរដ្ឋាភិបាលកម្ពុជា បន្តកែលម្អ​ចំណងទាក់ទងទ្វេភាគី ដែលរួមមានការ​ជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ​ដទៃទៀត ហើយបន្ធូបន្ថយការ​រឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ លោកឯកអគ្គរដ្ឋទូត បាន​ទទួលស្គាល់​មតិ របស់លោកនាយក​រដ្ឋមន្រ្តី ដែលលោកបានមាន​ប្រសាសន៍ នៅថ្ងៃទី ១៩ វិច្ឆិកា បដិសេធរបាយការណ៍​​ព័ត៌មានថា ប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យ​មានមូលដ្ឋានយោធាបរទេស ​នៅកម្ពុជា ហើយបានកត់សម្គាល់ពីសារសំខាន់ ​នៃការ​បន្តកិច្ចពិភាក្សា​លើ​បញ្ហា​នេះ៕

អត្ថបទដែលជាប់ទាក់ទង