ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីកោតសរសើរ កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញដែលយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើសឱ្យថយចុះ

49

ភ្នំពេញ៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងទៅនេះ ដែលបានធ្វើអោយបទល្មើសព្រហ្មទណ្ឌថយចុះ ប៉ុន្តែ បែរគ្រោះថ្នាក់ចរាចរណ៍កើនឡើង ដូច្នេះស្នើអោយកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។

  ការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

  សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោតសរសើរកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ដែលធ្វើអោយបទល្មើសព្រហ្មទណ្ឌថយចុះ ដោយនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៣៧លើក/៤២លើក ថយចុះ ៥លើក ស្មើនឹង ១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៤ករណី ឃាត់ខ្លួន ៤១នាក់។បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១៨១ករណី ឃាត់ខ្លួន ៣៨៤នាក់។

ក្នុងនោះដែរបានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ប៉ុន្តែ បែរជាគ្រោះថ្នាក់ចរាចរណ៍កើនឡើងទៅវិញ ពោលគឺនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៨៣លើក/៦៩លើក កើនឡើង ១៤លើក ស្មើនឹង ២០,២៨%។

  ឯកឧត្ដមហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍ ជារឿងធំមួយ ដោយក្នុងមួយថ្ងៃវាបានសំលាប់មនុស្សពី៥ទៅ៦នាក់ នៅទូទាំងប្រទេស ហើយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់។ ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ខ្លាំងដែរ សំដៅធ្វើយ៉ាងណាអោយគ្រោះថ្នាក់ចរាចរណ៍ទាំងនេះត្រូវបានកាត់បន្តយ។

   ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៨ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។

២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។

៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។

៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពប្រធាន- អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៤។

៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ។

៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មការ រៀបចំគម្រោងរាជធានីភ្នំពេញ។

៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ។

៨- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង