ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត ត្រូវបានបើកដំណើរការឡើងវិញហើយនាព្រឹកនេះ

253

ពោធិ៍សាត់៖កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់«ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងចំណុចលើភ្នំ (ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម)។

ប្រភពបានបន្តថា មកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានជួសជុលកែសម្រួលនិងអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នហើយ សូមកុំបារម្ភនិងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

គួរជម្រាបជូនថា នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះគឺដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដីនៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានឆាប់រហ័សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង