ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ,ពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះធ្វើការទូងស្គ,ពេលរាត្រីប្រគុំតន្ត្រីមានអ្នកចូលរួមជាង១ម៉ឺននាក់ បាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក

44

ភ្នំពេញ៖ដើម្បីអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបាន ទាំងសន្តិសុខ សុវត្ថិភាពនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារដែលបានរៀបតាមផែននីមួយៗ។

  ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១កក្កដាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។

  តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ មានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក។

  ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួនអោយបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។

  ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា នៅកោះពេជ្រ យើងមានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។

  ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះអោយបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងអោយបានស្អាតព្រមៗគ្នាដែរ។

   ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញក្រុមអ្នកព័ត៌មានចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ ៥ សីហា តាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ និងផុសផុលព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា។

   គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង