ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ប្រជុំដាក់ទិសដៅពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង

49

ភ្នំពេញ ៖ លោកអភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវវិធានការ ដែលត្រូវអនុវត្តបន្តដោយណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ ត្រូវរួមគ្នា អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជាប្រចាំ នៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ ។

ការដាក់ចេញនូវវិធានការបែបនេះ របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ ចៅសង្កាត់ -លោកមេប៉ុស្តី និងស្មៀនសង្កាត់ទាំង៨ និងគណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ទូទាំងខណ្ឌ ។

លោក ចេង មុនីរ៉ា បន្តថា ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។ លោកបន្តថា ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាព ក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ជាពិសេសត្រូវរៀបចំកម្លាំងល្បាតទាំងថ្ងៃទាំងយប់ ដើម្បីការពារសន្តិសុខ មុនពេល ក្នុងពេល និងក្រោយពេល ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោកអភិបាលខណ្ឌបានបន្តថា សូមគណៈគ្រប់គ្រងនៅតាមសាលាទាំងរដ្ឋ និងឯកជន សូមយកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំ បើមានការសង្ស័យឬឈប់គ្មានហេតុផល សូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស សកម្មភាពក្មេងទំនើងនេះ មិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេ គឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅ ចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលា បើមានការសង្ស័យ សូមឲ្យលោកនាយកសាលាទាំងអស់ រាយការណ៍បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ដើម្បីចាត់វិធាន។

ជាមួយនេះដែរ លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ សូមបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើង កុំអោយកើតមាននៅក្នុងសាលារៀន នេះជាការជួយតម្រងទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋ កុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច ៕

អត្ថបទដែលជាប់ទាក់ទង