ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះសរសៃឈាម Bi-plane DSA

38

ភ្នំពេញ៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ផ្នែកជំងឺបេះដូង-មនុស្សចាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះសរសៃឈាម Bi-plane DSA ទី២ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីនេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុន Plus-Medi Pharma Co.Ltd ដែលជាដៃគូសហការ ព្រមទាំង លោក លោកស្រី នាយករងមន្ទីរពេទ្យ ប្រធាន អនុប្រធានការិយាល័យទាំងបី និងនាយផ្នែកគ្រប់ផ្នែកទាំងអស់ ។

ម៉ាស៊ីនឆ្លុះសរសៃឈាម Bi-plane DSA ទី២ (Bi-plane Digital Subtraction Angiography) គឺជាម៉ាស៊ីនដែលប្រើបច្ចេកវិទ្យារូបភាពវេជ្ជសាស្ត្រអន្តរកម្មទំនើបបំផុតមួយ សម្រាប់ជួយគ្រូពេទ្យបន្ថែមក្នុងការវិភាគរករោគវិនិច្ឆ័យ និងព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមបានច្បាស់លាស់ដោយមិនចាំបាច់វះកាត់រួមមាន សរសៃឈាមបេះដូង សរសៃឈាមខួរក្បាល ថ្លើម ដៃ និងជើង ក៏ដូចជាសរសៃឈាមផ្សេងទៀតនៅជុំវិញរាងកាយ និងត្រូវបានគេហៅថា «អន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ– Interventional Radiology»

ម៉ាស៊ីននេះមានសមត្ថភាពសំខាន់ៗដូចជា៖

* ប្រើកាមេរ៉ាបង្វិលពីរ ដែលមួយនៅសងខាងអ្នកជំងឺ ដើម្បីថតរូបក្នុងពេលដំណាលគ្នាដោយបង្កើតរូបភាព (ខាងមុខ និងចំហៀង) ក្នុងពេលតែមួយ។
* គុណភាពបង្ហាញខ្ពស់ និងផ្តល់រូបភាពដែលបង្ហាញយ៉ាងច្បាស់នូវបំពង់បញ្ចូល (Catheter)តូចបំផុត។
-ផ្តល់នូវរូបភាព 3-D និម្មិត ដែលបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពនៃសរសៃឈាមនៅគ្រប់ផ្នែក។
-កាត់បន្ថយហានិភ័យសុខភាព និងផលប៉ះពាល់បន្ទាប់បន្សំ ដោយសារភ្នាក់ងារកម្រិតពណ៌ត្រូវបានចាក់តែម្តងគត់ ដើម្បីកុំឱ្យអ្នកជំងឺប៉ះពាល់នឹងវិទ្យុសកម្ម។
-វេជ្ជបណ្ឌិតអាចធ្វើរោគវិនិច្ឆ័យជំងឺបានយ៉ាងងាយស្រួល និងឆាប់រហ័ស ជាពិសេសជំងឺដែលត្រូវការ ការធ្វើរោគវិនិច្ឆ័យភ្លាមៗ ដូចជាជំងឺសរសៃឈាមខួរក្បាល និងសរសៃឈាមបេះដូង។
-បង្កើនទំនុកចិត្តលើលទ្ធផលនៃការពិនិត្យ និងបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជូនអ្នកជំងឺ។

លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ធ្លាប់បានគូសបញ្ជាក់ថា មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការអភិវឌ្ឍន៍ខ្លួន ទាំងសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។ជាពិសេសពង្រឹង និងពង្រីកកិច្ចសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ពិសេសកៀរគរស្វែងរកជំនួយពីសប្បុរសជន ទាំងថវិកា និងសម្ភារៈបរិក្ខារពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង