ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងពិសាភោជនាហារ ជាមួយឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាន

53


ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី សំណេះ សំណាល និងពិសាភោជនាហារ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ ឋាន កម្ពុជា។ កម្មវិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីខាងលើនេះ រៀបចំឡើងដើម្បីពង្រឹងកិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅ ឋាន នៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អ ប្រសើរ។ កម្មវិធីនេះ ជាជំនួបលើកដំបូងរវាងឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋានជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះជំនួបនេះ ក៏ជាឱកាសដ៏វិសេសវិសាលមួយក្នុងការទទួលអនុសាសន៍នានាពីប្រមុខរាជរដ្ឋា ភិបាល ដើម្បីជំរុញសកម្មភាពរបស់អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាព ដែល កាន់តែមានគុណតម្លៃដល់សង្គមជាតិ។
យោងតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរ ភាគ២ បោះពុម្ពឆ្នាំ១៩៧៣ រៀបរៀងដោយសាស្រ្តាចារ្យ ត្រឹង ងា បាន បង្ហាញ ថា គោរមងារឧកញ៉ា ត្រូវបានប្រើតាំងពីមុនសម័យអាណានិគមបារាំង ហើយគោរមងារនេះ ប្រើសំដៅ លើ មន្រ្តីជាន់ខ្ពស់របស់រដ្ឋបាលកណ្តាលដែលគេនិយមហៅថា «ចត្តុស្តម្ភ» ។ គោរមងារ «ឧកញ៉ា» នាពេលនោះ មានដូចជា ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និងឧកញ៉ាចក្រី ។
ដោយមើលឃើញពីភាពចាំបាច់មិនអាចខ្វះបាន នៃការបង្រួបបង្រួម និងវេញគ្នាជាធ្លុងមួយ ដើម្បីបង្កើនប្រជា ប្រិយ ភាព ពង្រឹងកេរ្ដិ៍ឈ្មោះ រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ សិ្នទ្ធ ស្នាល និងសុខដុមក្នុងរង្វង់មហាគ្រួសារឧកញ៉ាកម្ពុជា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ជាពិសេស ការទទួលស្គាល់កម្រិតខ្ពស់បំផុតដោយព្រះរាជក្រឹត្យលេខ នស/រកត/1023/2250 ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលកំណត់ពីតួនាទី និងភារកិច្ចសំខាន់ៗរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័ន តែមួយគត់តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សមាគមឧកញ៉ាកម្ពុជា មានសមាជិកចំនួន ៤១០រូប ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, សមាជិកក្រុមប្រឹក្សា ភិបាល ៤៥រូប (ដែលមានសមាជិកស្ថាបនិក ៣២រូប និងសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមថ្មីចំនួន ១៣រូប) សមាជិកសកម្ម ៤១រូប និងសមាជិកទ្រទ្រង់ ៣២៤រូប។ ក្នុងនោះមានលោកអ្នកឧកញ៉ា ៧រូប, អ្នកឧកញ៉ា ១១៥រូប និង ឧកញ៉ា ២៨០រូប។ សមាគមនេះដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានអាណត្តិ ៥ឆ្នាំ និងមានគណៈកម្មការជំនាញចំនួន៤ គឺគណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាលនិងហិរញ្ញវត្ថុ, និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយ អគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់ អគ្គលេខាធិការ ១រូប។
បន្ថែមលើនេះ ដើម្បីធានានូវប្រសិទ្ធភាពនៃដំណើរការ និង ភាពជោគជ័យសមាគម ឧកញ៉ាកម្ពុជា មានឧត្តម ក្រុម ប្រឹក្សាជាន់ខ្ពស់ជាមគ្គទេសក៍តម្រង់ទិស និងផ្តល់នូវបទពិសោធន៍ ល្អៗសម្រាប់ការដឹកនាំ និងគ្រប់គ្រង។ សមាស ភាពរបស់ឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ មាន១៣រូប ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាជាប្រធានកិត្តិយស និងមានឥស្សរជនជាន់ខ្ពស់ចំនួន ៤រូប ជាអនុប្រធានកិត្តិយស ព្រមទាំងមាន លោក អ្នកឧកញ៉ា និងអ្នកឧកញ៉ា ចំនួន៨រូប ជាទីប្រឹក្សាជាន់ខ្ពស់ផងដែរ។
សមាគមឧកញ៉ាកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គម និងការងារ សប្បុ រស ធម៌សំខាន់ៗ ដូចជា៖
១៖ បានថ្វាយ តង្វាយ ជាអង្ករ និងថវិកា ថ្វាយ អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ដើម្បីចូលរួមដង្ហែ ព្រះរាជសកម្ម ភាពមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ 
២៖ បានបរិច្ចាគថវិកាជូន ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម តាំងពីសមាគមបានបង្កើតឡើងពីឆ្នាំ២០២២, ២០២៣ និង២០២៤ រៀងរាល់ឆ្នាំ
៣៖ បានបរិច្ចាគថវិកាសម្រាប់សកម្មភាពបោសសម្អាតមីន និងអាវុធយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា
៤៖ បានបរិច្ចាគថវិកាជូនសមាគមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ( ធី ដា ) ដើម្បីរៀបចំមន្ទីរពេទ្យ ល្លួង ម៉ែ
៥៖ បានបរិច្ចាគថវិកាជាមួយសាលារាជធានីភ្នំពេញក្នុងអំឡុងពេល បិទខ្ទប់នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩
៦៖ បានបរិច្ចាគថវិកាកសាងអគារសិក្សានៅ ពុទ្ធិកៈសាកលវិទ្យាល័យព្រះសីហមុនីរាជា
៧៖ បានបរិច្ចាគថវិកាចូលរួមជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត
៨៖ បានបរិច្ចាគថវិកាកសាងសារមន្ទីរ សម្តេចព្រះ ព្រហ្ម រត នមុនី ពិន សែម រាជបូណ៌
៩៖ បានចែកសម្លៀកបំពាក់ សម្ភារៈសិក្សា ថវិកា និងកសាងហេដ្ឋារចនាសម័្ពន្ធនានានៅសាលាអនុវិទ្យាល័យ ស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
១០៖ ចែកសម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់កុមារកំព្រានៅក្នុងមណ្ឌលចំនួន ៤កន្លែង ក្នុងខេត្ត កំពង់ស្ពឺជាដើម។
ជាមួយនឹងការងារ សប្បុរសធម៌នេះសមាគមនឹងបង្កើនកិច្ចខិតខំចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈ សង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ សមាគមឧកញ៉ាកម្ពុជា ប្តេជ្ញាខិតខំប្រឹង ប្រែងបំពេញសកម្មភាព ដូចតទៅ៖
១៖ បន្តពង្រឹងកិត្យានុភាពរបស់សមាគមឧកញ៉ាការពារនូវផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារដ៏ឧត្តុង្គឧត្តមនេះ
២៖ បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល លើកិច្ចការតំណាងឱ្យគោរមវន្ត ទាំងអស់នៅទូទាំងកម្ពុជា ព្រមទាំងពិនិត្យនិងវាយតម្លៃលើ សំណើនិងបញ្ចប់គោរមងារឧកញ៉ា ការគ្រប់គ្រងឯកសណ្ឋានឧកញ៉ា ជាពិសេស ការរៀបចំបច្ចុប្បន្នកម្មបញ្ជីឈ្មោះគោរមវន្តទាំងអស់នៅកម្ពុជា
៣៖ ចូលរួមជំរុញផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាព វិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកា ផ្គូផ្គងធុរកិច្ច សិក្ខាសាលា វិនិយោគ និងកម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសព្រមទាំង ចូលរួមចំណែកធ្វើឱ្យប្រសើរឡើង នូវ បរិយាកាស ធុរកិច្ចវិនិយោគ និង ពាណិជ្ជកម្មនៅកម្ពុជា
៤៖ ចូលរួមជំរុញកិច្ចសហប្រតិបត្តិការរវាងវិនិយោគិនកម្ពុជា និងបរទេសដើម្បីសម្រួលដល់ការវិនិយោគ ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងវិនិយោគិន ធុរជន និងសហគ្រិន
៥៖ លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា
៦៖ ចូលរួមធ្វើសកម្មភាព ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេស រួមទាំងសកម្មភាពមនុស្សធម៌នានា៕

អត្ថបទដែលជាប់ទាក់ទង